ភ្នំពេញ ៖ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ជាការពិតក្នុងឱកាសទទួលបានហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុននេះ ក្រុមនិស្សិតទាំងអស់អាចនឹងជួបបញ្ហាប្រឈមថ្មីៗឬការលំបាកផ្សេងៗពុំខានឡើយ ហើយនិស្សិត ត្រូវប្រឹងរៀនយកចំណេះមកបម្រើជាតិ ផងដែរ
ក្នុងឱកាសទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ សម្ដេច ស ខេង បានផ្ដល់ទស្សនាទានដោយសង្កត់ធ្ងន់ថា ការតាំងចិត្តតស៊ូដោយក្ដីអត់ធ្មត់ និងប្រឹងប្រែងសិក្សាឱ្យអស់ពីលទ្ធភាព ពិតជានឹងធ្វើឱ្យជីវិតសិក្សារបស់និស្សិតទាំងអស់កាន់តែមានតម្លៃ ហើយលទ្ធផលជាវិជ្ជមាននឹងកើតឡើងនាពេលខាងមុខជាក់ជាពុំខានឡើយ។
សម្ដេច បានសង្កត់ធ្ងន់ថាអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុននាពេលនេះ ជាលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងសិក្សារៀនសូត្រយ៉ាងខ្លាំងក្លារបស់ក្រុមនិស្សិត ពោលគឺមិនមែននិស្សិតទូទៅសុទ្ធតែអាចទទួលបានអាហារូបករណ៍នេះដោយងាយៗនោះទេ។ សម្ដេចសង្ឃឹមថាក្រុមនិស្សិតនឹងពិតជាប្រឹងប្រែងប្រែងសិក្សារៀនសូត្រយកចំណេះដឹងវិលមកបម្រើជាតិមាតុភូមិនាពេលខាងមុខ។
សម្ដេច ក៏បានចាត់ទុកវត្តមានទៅសិក្សានៅប្រទេសជប៉ុនរបស់ក្រុមនិស្សិតនាឱកាសនេះ ថាជាការរួមចំណែកបង្ហាញឱ្យឃើញថ្មីមួយទៀតនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្ពុជា ជប៉ុន និងថានិស្សិតអាហារូបករណ៍ទាំងអស់ក៏អាចបង្កើតទំនាក់ទំនងថ្មីៗបន្ថែមទៀតជាមួយសាស្រ្តាចារ្យជប៉ុននិងបរទេស និស្សិតសជប៉ុន និងនិស្សិតមកពីប្រទេសផ្សេងៗទៀត។
តំណាងក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ បានសម្ដែងក្ដីរីករាយនិងថ្លែងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្ដេចក្រឡាហោម ស ខេង ដែលបានផ្ដល់ឱកាសឱ្យក្រុមនិស្សិត បានចូលជួបនាឱកាសនេះ។ តំណាងក្រុមនិស្សិតក៏បានរាយការណ៍ជូនសម្ដេចថានិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់នេះ មានសមាសភាពជាមន្រ្តីរាជការនៃក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
សូមបញ្ជាក់ថាក្រុមនិស្សិតដែលបានចូលជួបសម្ដេចក្រឡាហោម ស ខេង នាឱកាសនេះ គឺជាក្រុមនិស្សិតទទួលបានជ័យលាភីក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ហៅកាត់ថាJDSដែលផ្ដោតសំខាន់លើមន្រ្តីរាជការវ័យក្មេងដែលមានសមត្ថភាព និងស្មារតីក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនកាន់តែប្រសើរឡើងនាពេលអនាគត៕