សម្ដេចក្រឡាហោម ស ខេង ៖ ក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាល ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបហាផ្ទៃ បានថ្លែងថា ក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ននេះ។
ក្នុងពិធីបិទ «វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល» ជំនាន់ទី១៥ លើកទី១ សម្រាប់ក្របខណ្ឌថ្មីឆ្នាំ២០២០ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង ចំនួន១៦០នាក់ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ក្រសួងមហាផ្ទៃបានយកចិត្ត ទុកដាក់ខ្ពស់ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បច្ចុប្បន្ននេះ យើងអាចបន្តការងារបណ្តុះបណ្តាលនិងរៀបចំពិធីនេះបាន ដោយសារតែរាជរដ្ឋាភិបាលបានបើកឱ្យដំណើរការឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីការជួបវិបត្តិជំងឺកូវីដ-១៩»។
សម្ដេចក្រឡាហោម ក៏បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្ឌិត្យសភា នគរបាលកម្ពុជាក្នុងការបំពេញភារកិច្ចប្រកបដោយជោគជ័យតាមផែនការកំណត់ ព្រមទាំងគាំទ្រនូវកម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីកសាងវប្បធម៌គុណភាព។ សម្ដេចក្រឡាហោម ក៏បានថ្លែង កោតសរសើរ និងអបអរសាទរដល់ក្មួយៗជាសិស្សនគរបាលជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សាហ្វឹកហាត់ និងគោរពវិន័យសាលាបានល្អ រហូតទទួលបានជោគជ័យក្នុងការសិក្សា ព្រមទាំងបានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភា នគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់។
លើសពីនេះ សម្តេចក្រឡាហោម ស ខេង បានមានមតិផ្ដាំផ្ញើដល់បណ្ឌិតសភានគរបាលកម្ពុជាឱ្យបន្ត អនុវត្តកម្មវិធីកំណែទម្រង់របស់ខ្លួន និងបន្តកិច្ចសហការល្អជាមួយអង្គភាពពាក់ព័ន្ធ ព្រមទាំងបានផ្តល់អនុសាសន៍ ដល់សិស្សនគរបាលជ័យលាភីទាំងអស់ ឱ្យយកចំណេះដឹង និងជំនាញទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់ អង្គភាពការងារ និងសង្គមជាតិ៕EB