ភ្នំពេញ  ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវបង្កើនកិច្ចសហការក្នុងការ គ្រប់គ្រងព្រំដែន សំដៅថែរក្សាការពារឱ្យបានម៉ឺងម៉ាត់នូវបូរណភាពទឹកដី អធិបតេយ្យជាតិ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ។ 

សម្ដេចក្រឡាហោម ស ខេង បានជំរុញដូចនេះ ក្នុងពិធីប្រកាសមុខតំណែង អភិបាល អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ 

សម្ដេច បានសង្កត់ធ្ងន់ថា អាជ្ញាធរត្រូវពង្រឹង និងលើកកម្ពស់ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនៃប្រទេសជិតខាង ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែន និងពង្រឹងការគ្រប់គ្រង ការចេញចូលឆ្លងកាត់ព្រំដែនឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវ វិធានការសុខាភិបាលចំពោះប្រជាពលរដ្ឋខ្មែរ និងជនបរទេសទាំងអស់ដែលបានធ្វើដំណើរឆ្លងកាត់ព្រំដែនចូលមកក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងនានាមកក្នុងប្រទេសកម្ពុជា។ 

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ដោយសារតែភូមិសាស្ត្រខេត្តព្រះវិហារ គ្របដណ្តប់ភាគច្រើនដោយ តំបន់ការពារ និងតំបន់អភិរក្ស តែងតែទទួលរងនូវការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានកាន់កាប់ដីព្រៃដីតំបន់ការពារ និងតំបន់អភិរក្សដោយខុសច្បាប់ ហេតុនេះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំង មានសមត្ថកិច្ច ត្រូវលើកកម្ពស់ ការគ្រប់គ្រង ថែរក្សាការពារធនធានធម្មជាតិ ទ្រព្យសម្បត្តិសាធារណៈ ដោយខិតខំពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដោយត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងបទល្មើសធនធានធម្មជាតិ គ្រប់ប្រភេទឱ្យបានជាប់ជាប្រចាំ។ ទន្ទឹមនេះ ត្រូវរួមគ្នាបង្កើនការផ្សព្វផ្សាយអប់រំបំផុសឱ្យមានការចូលរួម ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ