សម្ដេចក្រឡាហោម ស ខេង ចាត់ទុកការជួញដូរមនុស្សនៅកម្ពុជា មានអង្គការចាត់តាំង ខណៈមេខ្លោងសុទ្ធតែជនបរទេស
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអះអាងថា ករណីជួញដូរមនុស្សដែលបានកើតឡើងនៅប្រទេសកម្ពុជានារយៈពេលចុងក្រោយនេះ គឺកើតឡើងយ៉ាងសាហាវ ខណៈករណីនេះកើតឡើងដោយសារមានអង្គការចាត់តាំង ពីព្រោះថាមេខ្លោង និងអ្នកប្រព្រឹត្តិបទល្មើសនេះស្ទើតែមួយរយភាគរយសុទ្ធតែជាជនបរទេសទាំងអស់។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលកម្ពស់១០ជាន់ និងអគារសាលប្រជុំកម្ពស់៣ជាន់ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ប្រទេសកម្ពុជាបានក្លាយជាប្រទេសរងគ្រោះ ដោយសារតែការជួញដូរមនុស្ស ហើយករណីនេះត្រូវបានគេចាត់ទុកកម្ពុជាចូលក្នុងបញ្ជីខ្មៅ និងប្រទេសជាប់លេខបីដែលមានភាពប្រងើយកន្តើយក្នុងការទប់ស្កាត់បទល្មើសមួយនេះ។
សម្តេចក្រឡាហោម បានបញ្ជាក់ថា«កម្ពុជាជាកន្លែងរងគ្រោះ ពីព្រោះអ្នកប្រព្រឹត្តិបទល្មើសដែលជាមេខ្លោងនោះ៩៩.៩៩ភាគរយគឺមិនមែនខ្មែរ ហើយការរៀបចំមនុស្សចេញមកពីប្រទេសខ្លួននោះ ក៏មិនមែនជាជនជាតិខ្មែរផងដែរ»។
សម្តេច ប្រមុខក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមទៀតថា មេខ្លោងនៃការជួញដូរមនុស្សនេះគឺជាជនជាតិវៀតណាម ជនជាតិចិនតៃវ៉ាន់ ជនជាតិចិន ជនជាតិឥណ្ឌូនេស៊ី ជនជាតិម៉ាឡេស៊ី និងជនជាតិថៃដើម។
យ៉ាងណាក៏ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវខិតខំរួមគ្នាឲ្យបានសកម្មបន្ថែមទៀតក្នុងកិច្ចការទប់ស្កាត់នូវបទល្មើស នៃការជួញដូរមនុស្សនេះ ខណៈបទល្មើសនេះបានកំពុងកើតឡើងនៅលើទឹកដីកម្ពុជា គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងនោះ។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានរកឃើញ និងជួយសង្គ្រោះជនបរទេសបានចំនួន៨៧ករណី ស្មើនឹងប្រមាណ ៨៦៥នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅ តុលាការចំនួន១៧ករណី ជនសង្ស័យសរុបចំនួន ៦០នាក់។ ដោយឡែក នាសប្ដាហ៍ទី៤ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានបើកកិច្ចប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះសរុបចំនួន ០៧ករណី ដោយបានសង្គ្រោះជនរងគ្រោះសរុបចំនួន ២៥នាក់ (មាន ៦ សញ្ញាតិ) និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៣នាក់ (មាន ៤ សញ្ញាតិ) នៅក្នុងខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ៕