(ភ្នំពេញ)៖ យ៉ាងហោចណាស់កម្ពុជា ត្រូវចាំអ៊ុតដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ទើបស្ថានភាពនិងចំនួនភ្ញៀវទេសចរអន្តរជាតិវិល ទៅរកកំណើនដូចកាលពីឆ្នាំ២០១៩ ដែលមិនទាន់មានវិបត្តិជំងឺកូវីដ១៩រីករាលដាល ខណៈភាពរឹងស្ទះដល់ការទាក់ទាញកំណើននេះ គឺដោយសារវិបត្តិធំៗរបស់សកលលោក, នេះបើតាមការវាយតម្លៃរបស់ក្រសួងទេសចរណ៍។
គួរជម្រាបថា កាលពីឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.៦លាននាក់ កើនឡើង៦.៦% បើធៀបនឹងឆ្នាំ២០១៨ ប៉ុន្តែដោយសារនាពេលបន្ទាប់កម្ពុជាត្រូវជួបនឹងវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ ចំនួនភ្ញៀវទេសចរក៏ត្រូវធ្លាក់ចុះជាលំដាប់ ជាក់ស្ដែងនៅឆ្នាំ២០២០ មានភ្ញៀវអន្តរជាតិតែ១.៣លាននាក់ ធ្លាក់ចុះ-៨០.២% ហើយនៅឆ្នាំ២០២១ ទទួលបាន១៩ម៉ឺននាក់ ថយចុះ-៨៥%។ ទាំងនេះគឺដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងលើការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ហើយមិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ។
នៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងទេសចរណ៍ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានឱ្យដឹងថា «វិស័យទេសចរណ៍កម្ពុជាមានចក្ខុវិស័យប្រកបដោយសុទិដ្ឋិនិយមថា នឹងអាចវិលទៅរកសភាពប្រហាក់ប្រហែលនឹងស្ថានភាពទេសចរណ៍ឆ្នាំ២០១៩វិញ នៅក្នុងឆ្នាំ២០២៦»។
គួរជម្រាបថា សម្រាប់រយៈពេល៦ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៥០ម៉ឺននាក់ កើនឡើង ៣៩៤ % ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ តែនៅថយចុះ-៨៤.៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ (មុនវិបត្តិ)។ កម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់១លាននាក់នៅក្នុងឆ្នាំ២០២២នេះ និងប្រមាណ២លាននាក់នៅក្នុងឆ្នាំ២០២៣ខាងមុខ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២៕SP
អត្ថបទទាក់ទង
-
ក្រសួងទេសចរណ៍ រៀបចំស្តង់ដាអាជីវកម្មទេសចរណ៍ថ្មីក្នុងសម័យកូវីដ