លោក សុខ ទូច៖ តើអ្នកមានស្រុកខ្មែរ ពេលណាទើបលែងចង់មានបានដោយសារលុបបឹង?
(ភ្នំពេញ)៖ លោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានចោទសួរថា «តើអ្នកមានស្រុកខ្មែរ ពេលណាទើបលែងចង់មានបានដោយសារលុបបឹង?»ចុះហេតុអ្វីអ្នកមានសម័យថ្មីលុបបឹងដើម្បីតែផលប្រយោជន៍ដុល្លារតែមួយគត់? នេះបើយោងតាមសំនេររបស់លោក សុខ ទូច ដែលបានបង្ហោះក្នុងគណនីហ្វេសបុករបស់លោក នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។
លោក សុខ ទូច បានសរសេររៀបរាប់ដែលមានខ្លឹមសារទាំងស្រុងថា « ព្រឹកនេះ ខ្ញុំធ្វើដំណើរមកកន្លែងធ្វើការ ឃើញគេចាក់ដីលុបបឹងតាមោក ខ្ញុំទប់អារម្មណ៍មិនបាន ប្រើភាសាមិនពិរោះស្ដាប់។«តើអ្នកមានស្រុកខ្មែរ ពេលណាទើបលែងចង់មានបានដោយសារលុបបឹង?»
លោកបន្ថែមថា «ដូនតាសម័យយអង្គរ លោកបានជីកស្រះ ជីកបារាយណ៍ ជីកកសិន្ធដើម្បីរក្សាទឹកទុក សម្រាប់ធ្វើកសិកម្ម ឬទប់ទឹកជំនន់ ចុះហេតុអ្វីអ្នកមានសម័យថ្មីលុបបឹងដើម្បីតែផលប្រយោជន៍ដុល្លារតែមួយគត់ ហើយអ្នកនិយាយថាធ្វើដើម្បីបុព្វហេតុដូនតារបស់ខ្មែរ»។
តើអ្នកមិនមើលរាល់ប្រាសាទរបស់ខ្មែរណាដែលមិនមានកសិន្ធ តើទីតាំងដែលខ្មែររស់នៅពីដើម កន្លែងណាមួយដែលមិនមានប្រព័ន្ធទឹក និងស្រះដើម្បីរក្សាទឹក?៕