ក្រសួងបរិស្ថាន ៖ សូមកុំជឿថា សាច់សត្វព្រៃ ជាថ្នាំប៉ូវកម្លាំង និងព្យាបាលជំងឺ ផ្ទុយទៅវិញអ្នកបរិភោគប្រឈមនឹងគ្រោះថ្នាក់ខ្លាំង
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងប្រជាពលរដ្ឋកុំឲ្យជឿថា សាច់សត្វព្រៃ សំណាក់សត្វព្រៃ ជាថ្នាំប៉ូវកម្លាំង និងព្យាបាលជំងឺ តែនឹងធ្វើឲ្យសុខភាពរបស់អ្នកបរិភោគ និងប្រើប្រាស់កាន់តែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។
ក្នុងឱកាសនៃការបើកយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គមលើកទី២ ដើម្បីការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជា ប្រារព្ធធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី២២ មិថុនា លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា «សូមកុំជឿថាសាច់សត្វព្រៃ សំណាក់សត្វព្រៃជាថ្នាំប៉ូវកម្លាំង និងព្យាបាលជំងឺ តែនឹងធ្វើឱ្យសុខភាពរបស់អ្នកបរិភោំគនិងប្រើប្រាស់កានតែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង និងពេលខ្លះប្រឈមនឹងការបាត់បង់ជីវិតដោយសារតែសាច់សត្វព្រៃនិងសំណាកសត្វព្រៃគ្មានការពិនិត្យសុខភាព និងការបញ្ជាក់ច្បាស់លាស់ឡើយ ក្រៅពីការជឿតាមគ្នា ឮតៗគ្នា»។
លោក បន្ដថា «ប្រជាជនកម្ពុជាគ្រប់ៗរូប ទាំងក្មេងនិងចាស់ មានភារកិច្ចរួមមួយ ក្នុងការអភិរក្សនិងការពារធនធានធម្មជាតិដ៏មានតម្លៃរបស់យើង»។ ក្រសួងបរិសា្ថន អំពាវនាវ ឲ្យប្រជាជនទាំងអស់ ឈប់ហូបសាច់សត្វព្រៃ និងផលិតផលសត្វព្រៃផ្សេងទៀត ត្រូវនិយាយថាទេចំពោះសាច់សត្វព្រៃ និងចូលរួមក្នុងកិច្ច ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្រឆាំងនឹងជំនួញសត្វព្រៃខុសច្បាប់ ក៏ដូចជាចូលរួមក្នុងការអភិរក្ស ធនធានធម្មជាតិរបស់កម្ពុជា។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងទៀតថា ក្រសួងបរិស្ថាន និងស្ថាប័ន-អង្គការដៃគូ ក៏បានសហការគ្នា ផ្តល់ជម្រើសជីវភាពរស់នៅរបស់សហគមន៍ មានដូចជាគំនិតផ្តួចផ្តើមផ្នែកកសិកម្ម រុក្ខាប្រមាញ់ និងអេកូទេសចរណ៍ ដល់ប្រជាពលរដ្ឋដែលរស់នៅជាប់តំបន់ ការពារធម្មជាតិ ដែលពឹងផ្អែកលើការប្រមូលផលអនុផលព្រៃឈើនិងការបរបាញ់តាមបែបប្រពៃណី ដើម្បីបាន សាច់មកហូប និងសម្រាប់លក់។ កិច្ចខិតខំប្រឹងប្រែងនេះ ក៏នឹងស្វែងរកការផ្លាស់ប្តូរចំណង់ចំណូលចិត្ត និង ឥរិយាបថរបស់ប្រជាពលរដ្ឋ ក្នុងការទិញនិងការហូបសាច់សត្វព្រៃ ដើម្បីការពារ សុខភាពសាធារណៈ ពីហានិភ័យជំងឺរាតត្បាត នាពេលអនាគត៕EB