សម្ដេចក្រឡាហោម ស ខេង ៖ ពលរដ្ឋមិនសុំឡានសុំម៉ូតូទេ គាត់សុំតែអ្វីនាំឱ្យសហគមន៍គាត់រីកចម្រើនប៉ុណ្ណោះ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ប្រជាពលរដ្ឋមិនសុំឡាន សុំម៉ូតូទេ ពួកគាត់សុំតែអ្វីនាំឱ្យសហគមន៍គាត់ មានការរីកចម្រើនតែប៉ុណ្ណោះ។
ក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារសិក្សា១ខ្នង ៤ជាន់ ២០បន្ទប់ នៅអនុវិទ្យាល័យ សោ ហឺ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ប្រជាពលដ្ឋយើង ខ្ញុំដើរច្រើនកន្លែងហើយ ហើយទទួលសំណូមពរ សំណើក៏ច្រើនដែរ។ គាត់អត់ដែលសុំលុយទិញឡាន ទិញម៉ូតូ ទិញរទេះគោ រទេះក្របី ដើម្បីបម្រើក្រុមគ្រួសារផ្ទាល់របស់គាត់ទេ។ គាត់មានតែសុំសាលារៀន សុំវត្ត សុំផ្លូវ សុំអ្វីៗដែលបម្រើផលប្រយោជន៍សាធារណៈ»។
បើតាម សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា សំណើនានារបស់ប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាល និងក្រុមការងារគណបក្ស ដូចបានលើកឡើងខាងលើនេះ គឺជាការឆ្លុះបញ្ចាំងច្បាស់ថាប្រជាពលរដ្ឋចង់ឱ្យសហគមន៍ពួកគាត់មានការរីកចម្រើន។
សម្ដេចក្រឡាហោម បានបន្តសង្កត់ធ្ងន់ពីគោលនយោបាយ និងមាគ៌ានយោបាយដឹកនាំប្រទេសេរបស់រាជរដ្ឋាភិបាល និងគណបក្សកាន់អំណាច ថាមានលក្ខណៈពិសេស គឺពិសេសត្រង់ថាមិនបានប្រាសចាកពីសេចក្ដីត្រូវការរបស់សង្គម និងប្រជាពលរដ្ឋ ពិសេសបានផ្សារភ្ជាប់ទៅនឹងជីវភាព ព្រមទាំងសុខទុក្ខរបស់ប្រជាជន៕EB