អង្គការ WCS បង្ហាញរូបថតសត្វរមាំងជាលើកដំបូង នៅដែនជម្រកសត្វព្រៃកែវសីមា ខណៈសត្វកម្រនេះបាត់វត្តមា អស់រយៈពេលជិត២០ឆ្នាំ
មណ្ឌលគិរី៖ អង្គការ WCS បានចែករំលែកនូវរូបភាពសត្វរមាំងដែលថតបានជាលើកដំបូង នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ដោយម៉ាស៊ីនថតសត្វស្វ័យប្រវត្តិ ក្រោយពីសត្វប្រភេទនេះបានបាត់វត្តមាននៅក្នុងតំបន់នេះ អស់រយៈពេលជិត២០ឆ្នាំ។ រូបភាពខាងក្រោមបង្ហាញអំពីសត្វរមាំងជំទង់បីក្បាល កំពុងដើររកចំណីនៅក្នុងព្រៃ ក្នុងអំឡុងខែមេសា ឆ្នាំ២០២២។
សត្វរមាំងត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទជិតផុតពូជជាសកលនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN និងជាប្រភេទសត្វដែលមានដោយកម្របំផុតនៅកម្ពុជា។ ដោយសារចំនួនរបស់វាបានថយចុះយ៉ាងខ្លាំងស្ទើរជិតផុតពូជ។ រូបភាពទាំងនេះបានបញ្ជាក់ច្បាស់ថា សត្វរមាំងនៅមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមានៅឡើយ។ កត្តាគំរាមកំហែងចំពោះសត្វរមាំង រួមមាន៖ ការដាក់អន្ទាក់ ការប្រមាញ់ និងការបាត់បង់ទីជម្រក។
មន្ត្រី អង្គការ WCS បញ្ជាក់ថា ប្រសិនបើគ្មានចំណាត់ការអភិរក្សបន្ទាន់ទេ សត្វរមាំងនៅ កម្ពុជាទំន ងជាអាចនឹងផុតពូជ ក្នុងពេលឆាប់ៗខាងមុខ។ ក៏ប៉ុន្តែវាមិនទាន់ហួសពេលនៅឡើយទេ ក្នុងការការពារ សត្វរមាំងកុំឱ្យផុតពូជនៅកម្ពុជា។ ការពិចារណាលើការបង្កើតឱ្យមានកម្មវិធីបង្កាត់ពូជសត្វរមាំង នៅក្នុង មជ្ឈមណ្ឌល អាចជាជម្រើសមួយដើម្បីចូលរួមអភិរក្សសត្វប្រភេទនេះកុំឱ្យផុតពូជបាន៕SP