ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងមហាផ្ទៃ នឹងបើកប្រតិបត្តិការជាទ្រង់ទ្រាយធំត្រួតពិនិត្យការរស់នៅរបស់ជនបរទេសទាំងអស់ លើកលែងតែមន្រ្តីការទូត ខណៈគម្រោងនេះ ធ្វើឡើងបន្ទាប់ពីអាមេរិកបានដាក់ប្រទេសកម្ពុជា ចូលក្នុងបញ្ជីខ្មៅជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣នៃការជួញដូរមនុស្ស។

ក្នុងពិធីបិទវគ្គសុក្រឹតការវគ្គ១ នៅបណ្ឌិតសភានគរបាល ដែលស្ថិតនៅឃុំដីឥដ្ឋ ស្រុក គៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា «ដើម្បីលុបបំបាត់ការសង្ស័យ និងភាពចន្លោះប្រហោងចំពោះការជួញដូរមនុស្សនេះ ក្រសួងមហាផ្ទៃត្រូវតែបើកប្រតិបត្តិការទ្រង់ទ្រាយធំត្រួតពិនិត្យរាល់ការរស់នៅរបស់ជនបរទេសទាំងអស់ មិនថានៅតាមសណ្ឋាគារ ការដ្ឋាន និងតាមក្រុមហ៊ុននានានោះទេ លើកលែងតែមន្រ្តីការទូត»។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានសម្តែងការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះក្រសួងការបរទេសអាមេរិកដាក់ប្រទេសកម្ពុជាចូលជាបញ្ជីខ្មៅ ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ចំពោះការជួញដូរមនុស្ស ខណៈកម្ពុជាបានខិតខំយ៉ាងសកម្មក្នុងការសហការទប់ស្កាត់នូវអំពើជួញដូរមនុស្សនេះ។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានដាក់កម្ពុជាជាចំណាត់ថ្នាក់លេខ២អស់រយៈពេលពីរឆ្នាំមកហើយ ខណៈចំណាត់ថ្នាក់លេខ២នេះគឺជាប្រទេសមានការខិតខំប្រឹងប្រែង និងមានការឆ្លើយតប និងមានភាពចន្លោះប្រហោងដែលត្រូវបំពេញបន្ថែមក្នុងកិច្ចការប្រយុទ្ធប្រឆាំង ការជូញដូរមនុស្សនេះ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២២នេះ ដែលអាមេរិកសម្រេចដាក់កម្ពុជាជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ គឺគេចង់និយាយថាកម្ពុជាមានភាពប្រងើយកន្តើយ គ្មានការយកចិត្តទុកដាក់ និងគ្មានការខ្វាយខ្វល់ចំពោះកិច្ចការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស រហូតដល់គេអាចសម្រេចដាក់ទណ្ឌកម្មដល់ ប្រទេសកម្ពុជាផងដែរនោះ។

យ៉ាងណាក៏ដោយសម្តេចក្រឡាហោម ស ខេង  បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចរបស់ក្រសួងការបរទេសអាមេរិកដាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅនេះ ប៉ុន្តែកម្ពុជានៅតែមានឆន្ទះមុះមុតក្នុងការសហការប្រយុទ្ធប្រឆាំងនូវអំពើជួញដូរមនុស្សជានិច្ច ហើយនឹងបើកប្រតិបត្តិការធំដើម្បីសម្អាត អំពើជួញដូរមនុស្សនៅកម្ពុជានេះស្របទៅតាមការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ