រដ្ឋមន្ដ្រីក្រសួងអប់រំ ៖ សិស្សានុសិស្សជិតកន្លះលាននាក់ ទទួលបានលទ្ធផលសិក្សាល្អ ពីគម្រោង កែលម្អការអប់រំនៅមធ្យមសិក្សា
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា សិស្សានុសិស្សជិតកន្លះលាននាក់ ទទួលបានលទ្ធផលសិក្សាល្អ ពីគម្រោង កែលម្អការអប់រំនៅមធ្យមសិក្សា ព្រោះគម្រោងនេះ ជួយលើកកម្ពស់គុណវឌ្ឍដោយនាយកសាលា និងគ្រូបង្រៀន។
ក្នុងពិធីបិទគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា (SEIP) នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ លោក ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធ ដែលបានអនុវត្តគម្រោងនេះប្រកបដោយភាពជោគជ័យ និងស្មារតីធ្វើការរួមគ្នា ប្រសិនបើគ្មានការចូលរួមពីភាគីពាក់ព័ន្ធ គ្មានការដឹកនាំកម្រិតគោលនយោបាយ ពីលោក ណាត ប៊ុនរឿន ជាប្រធានគម្រោង ក៏មិនអាចជំរុញ ភាពជោគជ័យបានឡើយ។
លោក បានបញ្ជាក់ថា «តាមរយៈការអនុវត្តគម្រោង កែលម្អការអប់រំនៅមធ្យមសិក្សា ជួយលើកកម្ពស់គុណវឌ្ឍដោយនាយកសាលាពី ៣០០ ទៅ ៦០០នាក់ និងគ្រូបង្រៀន ២១៣៤នាក់ បានទទួលបានសញ្ញាបត្រ និងបានផ្តល់ផលជះជាវិជ្ជមានដល់សាលារៀនពី ១០០ ទៅ ៧០០សាលា និងសិស្សានុសិស្សប្រមាណជិតកន្លះលាននាក់ទទួលបានលទ្ធផលសិក្សាល្អប្រសើរ»។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អត្ថន័យនៃគម្រោងនេះ គឺបានប្រែក្លាយពីគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា ទៅជាយន្តការធ្វើកំណែទម្រង់ វិស័យអប់រំកម្រិតសាលារៀន និងជាយន្តការកំណែទម្រង់ផ្សេងទៀត ដូចជាការកែលម្អសាលារៀន និងប្រព័ន្ធអប់រំ។
សូមជម្រាបថា គម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា ត្រូវបានអនុវត្តក្នុងរយៈពេលប្រាំឆ្នាំ ដែលផ្តល់ប្រាក់កម្ចីដោយធនាគារពិភពលោក ចាប់ផ្តើមនៅឆ្នាំ២០១៧ និងបញ្ចប់នៅឆ្នាំ២០២២។ គោលដៅអភិវឌ្ឍន៍នៃគម្រោង គឺការពង្រីក និងកែលម្អការអប់រំកម្រិតមធ្យមសិក្សាបឋមភូមិឱ្យសម្រេចបាននូវស្តង់ដារអប្បបរមា តាមតំបន់គោលដៅ និងដើម្បីផ្តល់នូវការឆ្លើយតបជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាព ក្នុងករណីមានវិបត្តិ ឬគ្រាអាសន្ន៕EB