ភ្នំពេញ  ៖  ខែកក្កដា  ឆ្នាំ២០២២  ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ  ក្នុងទំព័រហ្វេសប៊ុក  សម្ដេចក្រឡាហោម  ស  ខេង  ឧបនាយករដ្ឋមន្ដ្រី  រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ  បានឆ្លើយតប និងដោះស្រាយចំនួន  ២៣គណនី។

តាមរយៈគេហទំព័រហ្វេសប៊ុក របស់  នាថ្ងៃទី១  ខែកញ្ញា  ឆ្នាំ២០២២  សម្ដេច  ស  ខេង  បានឲ្យដឹងថា  ក្នុងខែកក្កដា ឆ្នាំ២០២២នេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់  សម្ដេច  បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន១០១គណនី។ 

សម្ដេច  បញ្ជាក់ថា  "ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយចំនួន២៣គណនី។ បូករួមទាំងករណីសេសសល់កាលពីខែមុនៗ និងក្នុងខែកក្កដានេះ នៅមានករណីចំនួន២១៥ទៀត កំពុងស្ថិតក្នុងការដោះស្រាយតាមនីតិវិធីក្រុមការងារ និងអង្គភាពជំនាញចំណុះក្រសួងមហាផ្ទៃ"។ 

សម្ដេច  បន្ដថា ទន្ទឹមគ្នានឹងនេះដែរ ក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀតដែលបងប្អូនជនរួមជាតិបានផ្ញើមក ហើយត្រូវបានក្រុមការងាររកឃើញថាករណីទាំងនោះខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ក្រុមការងារក៏បានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ច។ សម្ដេច  ថា  វឌ្ឍនភាពការងារនេះ អាចសម្រេចបាន ដោយសារមានកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ។

សម្ដេច  បញ្ជាក់បន្ថែមទៀតថា  "ខ្ញុំសូមកោតសរសើរមន្ត្រីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានខិតខំដោះស្រាយបញ្ហា សំណូមពរ និងសំណួរនានារបស់ប្រជាពលរដ្ឋ តាមកាតព្វកិច្ចរបស់ខ្លួនដែលជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ បក្ខពួក និង ផលប្រយោជន៍"។ 

សម្ដេច  ស  ខេង  ក៏បានស្នេីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់ គប្បីបន្តខិតខំពន្លឿនការដោះស្រាយករណីដែលនៅសេសសល់ ហើយត្រូវប្រាកដថាការដោះស្រាយទាំងអស់នោះត្រូវតែដោះស្រាយឱ្យបានល្អ គ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើម ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ