ក្រុមការងារ SOMTC-កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ
ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារក្រសួងមហាផ្ទៃ ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC) កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ (22nd SOMTC and Its Related Meetings) ចាប់ពីថ្ងៃទី១៩-២១ ខែកក្កដា ឆ្នាំ២០២២ តាមប្រព័ន្ធវិដេអូ។
គួរបញ្ជាក់ថា កិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា ដោយមានការចូលរួមពីអនុប្រធាន សមាជិក នៃក្រុមការងារ SOMTC ព្រមទាំងមន្ត្រីបង្គោលទទួលផែនការងារពាក់ព័ន្ធផងដែរ។
សូមជម្រាបជូនដែរថា កិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២២ គឺវេទិកាសម្រាប់មន្ដ្រីជាន់ខ្ពស់មកពីបណ្ដារដ្ឋសមាជិកអាស៊ាន ជួបពិភាក្សាលើកម្មវិធីការងារ និងពិនិត្យឡើងវិញនូវផែនការសកម្មភាពដែលបានដាក់ចេញកន្លងមក ដើម្បីឈានទៅកំណត់ទិសដៅអនុវត្តបន្ដ ព្រមទាំងផ្លាស់ប្ដូរយោបល់ និងចែករំលែកបច្ចុប្បន្នភាពអំពីនិន្នាការនៃឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់ ជាពិសេសលើវិស័យទាំង១០ ក្រោមក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការរបស់ SOMTS រួមមាន៖ ការរត់ពន្ធអាវុធ អំពើភេរវកម្ម ការសម្អាតប្រាក់ អំពើប្លន់លើផ្ទៃសមុទ្រ ការរត់ពន្ធមនុស្ស ការជួញដូរមនុស្ស បទល្មើសសេដ្ឋកិច្ចអន្ដរជាតិ បទល្មើសបច្ចេកវិទ្យា ការជួញដូរគ្រឿងញៀនខុសច្បាប់ និងការជួញដូរសត្វព្រៃ និងឈើខុសច្បាប់។
លើសពីនេះទៀត ក្នុងក្រខណ្ឌនៃកិច្ចប្រជុំលើកទី២២ នេះដែរ ក្រុមការងារ SOMTC-កម្ពុជា ក៏នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំលើកទី១៩ រវាងមន្ដ្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ជាមួយដៃគូសន្ទនា ចិន-ជប៉ុន-កូរ៉េខាងត្បូង (19th SOMTC+3)៕