ក្រសួងធនធានទឹក ៖ បណ្តាខេត្តពាយព្យ នៃប្រទេសកម្ពុជា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា បណ្តាខេត្តពាយព្យប្រទេស មានដូចជាខេត្តឧត្ដរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន ដោយសារតែឥទ្ធិពលព្រុះ និងសម្ពាធទាប។
ក្រសួងបានឱ្យដឹងទៀតថា កម្រិតទឹកភ្លៀង បូករួមជាមួយទឹកហូរធ្លាក់ពីថៃផងនោះ នឹងធ្វើឱ្យបណ្តាខេត្តទាំងនេះ បង្កឱ្យមានជំនន់ទឹកភ្លៀង និងជំនន់ដោយបរិមាណទឹកហួសកម្រិត។
ក្នុងសេចក្តីប្រកាសព័ត៌មានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា យោងតាមការវិវត្តជាក់ស្ដែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ បានបង្ហាញឱ្យឃើញថា កម្លាំងស្រូបនៃឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ (NORU) ដែលកើតនៅភាគខាងកើតប្រទេសហ្វីលីពីន នឹងធ្វើឱ្យប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគខាងជើងកម្ពុជា បានចុះថមថយឥទ្ធិពលជាលំដាប់។ តាមការព្យាករ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២ ព្យុះណូរុ នឹងវិវត្តទៅជាព្យុះទីហ្វុង TY នៅពេលបក់ចូលកៀកឆ្នេរភាគកណ្តាលប្រទេសវៀតណាម។
ក្រសួងបន្តថា ព្យុះនេះ នៅពេលឆ្លងកាត់ប្រទេសវៀតណាម និងអាងទន្លេមេគង្គប្រទេសឡាវ និងថៃ នៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានថមថយឥទ្ធិពលបន្តបន្ទាប់ជាព្យុះកម្រិត IS វិសម្ពាធ ID និងសម្ពាធទាប។ ជាមួយគ្នានោះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ខ្យល់មូសុងនិរតី នឹងបង្កើនល្បឿនបក់ក្នុងកម្រិតពីបង្គួរទៅខ្លាំងមកលើតំបន់មាត់សមុទ្រ៕EB