ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានថ្លែងថា រយៈពេល ៦ខែ ឆ្នាំ២០២២ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្ដរជាតិប្រមាណជាង ៥០ម៉ឺននាក់ កើនឡើង ៣៩៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។

ក្នុងពិធីបើកសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោក ថោង ខុន បានឲ្យដឹងថា ការកាត់បន្ថយនូវរបាំងនៃការធ្វើដំណើរទាំងនេះ និងការគ្រប់គ្រងបានយ៉ាងល្អ បានធ្វើឲ្យមានកំណើនចំនួននៃការធ្វើដំណើររបស់ភ្ញៀវទេសចរផ្ទៃក្នុង ព្រមទាំងចំនួននៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិក៏មានការកើនឡើងផងដែរ ហើយជើងហោះហើរចូលមកកម្ពុជា ក៏មានការកើនឡើងជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា «ជាក់ស្តែង សម្រាប់រយៈពេល ៦ខែ ដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៥០ម៉ឺននាក់ កើនឡើង៣៩៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ តែនៅថយចុះ -៨៤.៨% ធៀបនឹង រយៈពេលដូចគ្នាឆ្នាំ២០១៩ (មុនវិបត្តិ) ដោយភាគច្រើនមកពីប្រភពទីផ្សារ ដូចជា៖ វៀតណាម, ថៃ, ចិន, សហរដ្ឋអាមេរិក, ឥណ្ឌូណេស៊ី, បារាំង, កូរ៉េ, ម៉ាឡេស៊ី, អង់គ្លេស, អូស្ត្រាលី, សិង្ហបុរី, និងឥណ្ឌា»។

លោក បន្ដថា រីឯភ្ញៀវទេសចរ ផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេស រួមមាន៖ ទេសចរជាតិសរុបប្រមាណ ៦,៣៣ លាននាក់ កើនឡើងក្នុងអត្រាប្រមាណ ២១៩% និងទេសចរបរទេស ផ្ទៃក្នុងប្រមាណ ៦៨ម៉ឺននាក់ កើនឡើងក្នុងអត្រាប្រមាណ ៣៨០ % ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

លោក បន្ថែមថា ឈរលើមូលដ្ឋាននៃការកម្រើកឡើងវិញនៃចរន្តទេសចរណ៍សកលលោក ក៏ដូចជាទេសចរណ៍ តំបន់ ជាមួយនឹងកិច្ចអន្តរាគមន៍ប្រកបដោយស្មារតីបុរេសកម្មរបស់រាជរដ្ឋាភិបាល កម្ពុជារំពឹងថា នឹងអាច ទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់ប្រមាណ ១លាននាក់ នៅក្នុងឆ្នាំ២០២២ នេះ ហើយនិងប្រមាណ ២ លាននាក់ នៅក្នុងឆ្នាំ២០២៣ ខាងមុខ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ា រ៉ាហ្គេម លើកទី៣២៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ