សម្ដេចក្រឡាហោម ស ខេង ផ្ដាំផ្ញើដល់សិស្សនគរបាល ថា ការសិក្សារៀនសូត្រ ជាបេសកកម្មបម្រើជាតិ បម្រើពលរដ្ឋ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់សិស្សនគរបាលរៀន នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប ថា សិក្សារៀនសូត្រនេះ ជាបេសកកម្មបម្រើជាតិ បម្រើប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម ស ខេង បានផ្ដាំផ្ញើបែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ។
សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីសង្ឃឹមថា សិស្សនគរបាលជាតិទាំងអស់ដែលកំពុងសិក្សានៅទីនេះ នឹងសម្រេចបានបេសកម្មដ៏ឧត្តុង្គឧត្តមនេះ ដោយចាត់ទុកការសិក្សារៀនសូត្រនេះថាជាបេសកកម្មបម្រើជាតិ បម្រើប្រជាពលរដ្ឋ។ សម្ដេច ក៏បានថ្លែងលើកទឹកចិត្តថ្នាក់ដឹកនាំ គ្រូ និងបុគ្គលិកសាលានគរបាលជាតិភូមិភាគ៤ បន្តការខិតខំបណ្ដុះបណ្ដាលធនធានកងកម្លាំងនគរបាលជាតិប្រកបដោយគុណភាពបន្ថែមទៀត។
សម្ដេចក្រឡាហោម ក៏បានសង្កត់ធ្ងន់ភ្លាមៗអំពីការយកចិត្តទុកដាក់ចំពោះតម្រូវការអាទិភាពរបស់សាលានគរបាលជាតិភូមិភាគ៤ដែលរាយការណ៍ដោយនាយកសាលា។ សម្ដេចបានប្រកាសសម្រេចផ្ដល់អគារសិក្សាចំណុះសិស្ស៣០០នាក់ ដោយបានណែនាំឱ្យមន្រ្តីពាក់ព័ន្ធរៀបចំសិក្សាប្លង់អគារសិក្សានេះ ដើម្បីឈានទៅចាប់ផ្ដើមការសាងសង់ឱ្យបានឆាប់រហ័ស។
ចំពោះការខ្វះខាតកន្លែងបាញ់ស៊ីបគ្រាប់ពិតវិញ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យមន្រ្តីជំនាញបន្តរៀបចំប្លង់គម្រោងដើម្បីសម្ដេចពិនិត្យសម្រេចឈានទៅសាងសង់ជូន ខណៈតម្រូវការរថយន្តប្រើប្រាស់ សម្ដេចក៏បានសម្រេចផ្ដល់ជូនមួយគ្រឿងសិន។ ដោយឡែកអគារស្នាក់នៅគ្រូនិងមន្រ្តី សម្ដេចក្រឡាហោម ក៏បានទទួលយកសំណើពីសាលា និងណែនាំឱ្យសិក្សាប្លង់រួមដើម្បីសាងសង់ជាមួយគ្នានឹងអគារសិក្សាតែម្ដង៕