សម្ដេចក្រឡាហោម ស ខេង ណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តគាំទ្រប្រជាការពារ ព្រោះជាកម្លាំងពង្រឹងសន្តិសុខ ក្នុងមូលដ្ឋាន
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្ដល់ការគាំទ្រដល់កម្លាំងប្រជាការពារ ព្រោះជាកម្លាំងរួមចំណែកពង្រឹងការងារសន្តិសុខ ក្នុងមូលដ្ឋាន ជាមួយប៉ុស្តិ៍រដ្ឋបាល។
ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ សម្ដេច ស ខេង បានលើកឡើងអំពីសារៈសំខាន់ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការអនុវត្តសាកល្បងការអនុវត្តទោសក្រៅពន្ធនាគារ និងការធ្វើកំណែទម្រង់ប៉ុស្តិ៍នគរបាលរដ្ឋបាល ពិសេសការរំលែកក្របខ័ណ្ឌមន្រ្តីមកឲ្យអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់។
សម្ដេច បញ្ជាក់ថា «ស្នើរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ បន្តផ្ដល់ការគាំទ្រដល់កម្លាំងប្រជាការពារ ដែលជាកម្លាំងរួមចំណែកពង្រឹងការងារសន្តិសុខនៅតាមមូលដ្ឋាន ជាមួយនឹងប៉ុស្តិ៍រដ្ឋបាល»។
នាឱកាសនោះ សម្ដេច ស ខេង ក៏បានគូសបញ្ជាក់ជាថ្មីទៀតអំពីទិសដៅក្រសួងមហាផ្ទៃ ក្នុងការកាត់បន្ថយការបញ្ជូនមន្រ្តីនគរបាលជាតិទៅរៀននៅក្រៅប្រទេស និងការបណ្ដុះបណ្ដាលគ្រូនគរបាលបន្តវេនបន្ថែមទៀត ដើម្បីពង្រឹងការបណ្ដុះបណ្ដាលកងកម្លាំងក្របខ័ណ្ឌថ្មី និងមន្រ្តីនគរបាលជាតិឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបម្រើជាតិ និងបម្រើប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងផែនការកំណែទម្រង់របស់ក្រសួងមហាផ្ទៃ៕EB