៧ខែ ឆ្នាំ២០២២ ខេត្តសៀមរាប ទទួលភ្ញៀវទេសចរជាង ១លាននាក់
ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា រយៈពេល ៧ខែ ឆ្នាំ២០២២ ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន១,២៤២,៨៥៤នាក់ កើនឡើង៨៩០.១៧% ប្រៀបធៀបពេលដូចគ្នានៅឆ្នាំ២០២១ ក្នុងនោះ មានភ្ញៀវទេសចរជាតិចំនួន១,១៥៩,០០០នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ៨៣,៨៥៤នាក់។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងខេត្តសៀមរាប ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២ គឺមានចំនួន១,២៤២,៨៥៤នាក់ កើនឡើង ៨៩០.១៧% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ (ចំនួន១២៥,៥១៩នាក់) ដែលក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១,១៥៩,០០០នាក់ កើនឡើង៧៩៨.៤៦% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន៨៣,៨៥៤នាក់ កើនឡើង១៣៥១.៧៧%។
លោក បានបន្តថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២ ដូចគ្នានេះដែរ ជើងហោះហើរក្រៅប្រទេសដែលចូលមកកាន់ខេត្តសៀមរាបមានចំនួន៥៥០ជើង និងមានអ្នកដំណើរសរុបចំនួន៤៨,៧៦៥នាក់។
យោងតាមស្ថិតិខាងលើនេះបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិចូលមកខេត្តសៀមរាបតាមផ្លូវអាកាសមានប្រមាណ៧០%នៃចំនួនភ្ញៀវអន្តរជាតិសរុប។ មកដល់ពេលនេះមានការហោះហើរ៧-៨ជើងក្នុងមួយថ្ងៃ មានអ្នកដំណើរជាមធ្យម៧០០-៨០០នាក់ក្នុងមួយថ្ងៃ។ លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការរីករាយជាមួយនឹងកំណើនភ្ញៀវទេសចរនៅខេត្តសៀមរាបយ៉ាងដូច្នេះ៕