រដ្ឋបាលព្រៃឈើ ៖ ការអភិវឌ្ឍតំបន់ភ្នំតាម៉ៅ មិនមែជាការលក់ដូរនោះទេ ដោយកែលម្អសួនសត្វភ្នំតាម៉ៅ ឲ្យមានប្រព័ន្ធផ្លូវ អគារ សួនច្បារ និងអាងស្តុកទឹក
ភ្នំពេញ ៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទ បានបកស្រាយថា ការអភិវឌ្ឍតំបន់ភ្នំតាម៉ៅនេះ មិនមែនជាការលក់ដូរនោះទេ តែជាការដោះដូរតំបន់នេះជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅនេះ ឲ្យមានភាពប្រសើរឡើង ដូចជា មានប្រព័ន្ធផ្លូវ អគារ សួនច្បារ អាងស្តុកទឹក ជាដើម។
ការលើកឡើងនេះ ធ្វើឡើងក្រោយពីក្រុមសកម្មជនបរិស្ថាន និង ប្រជាពលរដ្ឋមួយចំនួននាំគ្នារិះគន់ ពីដោះដូរដីនៅតំបន់ភ្នំតាម៉ៅ
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលព្រៃឈើ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា តំបន់ភ្នំតាម៉ៅនេះ ជាតំបន់ស្ថានីយ៍ស្តារព្រៃឈើមួយ ដែលមានដំណុះឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ។ តំបន់នេះពោរ ពេញទៅដោយដីខ្សាច់ ដំណុះឈើមិនមានការលូតលាស់ល្អទេ។ ដូច្នេះ រាជរដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់ធ្វើការ អភិវឌ្ឍដោយសារជាតំបន់មួយដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី។
រដ្ឋបាលព្រៃឈើ បញ្ជាក់ថា «ការអភិវឌ្ឍតំបន់នេះមិនមែនជាការលក់ដូរ ដូចការលើកឡើងនោះទេ តែជាការដោះដូរតំបន់នេះជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅឲ្យមានភាពប្រសើរឡើង មានប្រព័ន្ធផ្លូវ អគារ សួនច្បារ អាងស្តុកទឹក ក៏ដូចជាការបង្កើតសារមនី្ទរជាតិនៅរាជធានីភ្នំពេញ ការបង្កើតសួនសត្វ សាហ្វារីនៅខេត្តសៀមរាប ការបង្កើតសួនភូតគាមនៅខេត្តមណ្ឌលគិរី និងការសាងសង់អគារធ្វើការរបស់មន្ត្រីរាជការ និងសម្ភារៈនានា។ ការដោះដូរ គឺអនុវត្តដោយមានភាពតឹងរ៉ឹង មានការវាយតម្លៃពីក្រុមហ៊ុនឯកជន និងមានគណកម្មការ ឯកជនភាវូនីយកម្មដែលមានអន្តរក្រសួង ពិនិត្យនិងវាយតម្លៃអំពីការដោះដូរយ៉ាងត្រឹមត្រូវ»។
សូមបញ្ជាក់ផងដែរថា តំបន់នេះ ពុំមានសត្វព្រៃសំខាន់ៗ ជិតផុតពូជ និងកម្រ ដូចការលើកឡើងនោះទេ ហើយ តំបន់នេះមានជ្រូកព្រៃដែលតែងតែមករំខានដល់ដំណាំប្រជាពលរដ្ឋ។ សត្វព្រៃដែលលើកឡើងកន្លងមកគឺជាសត្វព្រៃបាន ថែរក្សានៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅដែលមានសុវត្ថិភាព១០០% ហើយការអភិវឌ្ឍនេះមិនមានការប៉ះពាល់ទាល់តែសោះ។
រដ្ឋបាលព្រៃឈើ បានបន្ថែមថា សត្វព្រៃដែលតែងតែលើកឡើងដោយអង្គការ សកម្មជនបរិស្ថាន និងសាធារណជននានា គឺជាសត្វព្រៃដែលកំពុងរស់នៅ ក្នុងទ្រុងនៃឧទ្យានសួនសត្វភ្នំតាម៉ៅ និងសត្វព្រៃមួយចំនួនទៀតដូចជាប្រើស រមាំង ក្រៀល រនាល ទុង ត្រូវបានដោះលែង ឲ្យរស់ក្នុងបរិវេណរបស់ឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលមានរបងព័ទ្ធជុំវិញលើផ្ទៃដីជាង ៤០០ហិកតា និងមិនមានសត្វព អាចចេញមកខាងក្រៅនោះទេ និងបានមើលថែរក្សា ផ្តល់ចំណីដោយរដ្ឋបាលព្រៃឈើ និងអង្គការនានា។ ការលើកឡើង កន្លងមកបានធ្វើឲ្យមានការភ័នច្រលំថា ការអភិវឌ្ឍតំបន់នេះប៉ះពាល់ដល់សត្វព្រៃ។
លើសពីនេះ រដ្ឋបាលព្រៃឈើ បានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍតែងតែប្រើប្រាស់ដីសម្រាប់អភិវឌ្ឍមិនមែនមានតែនៅតំបន់ភ្នំតាម៉ៅនោះទេ ឲ្យតែតំបន់អភិវឌ្ឍមាន ផលប៉ះពាល់តិចតួច ហើយត្រឡប់មកវិញបានផ្ដល់ការងារជូនប្រជាពលរដ្ឋច្រើននៅតំបន់នោះ និងការផ្តល់កំណើន សេដ្ឋកិច្ចជាតិ៕EB