សម្ដេចក្រឡាហោម ស ខេង ណែនាំដល់សិស្សនគរបាលដើរឱ្យទាន់បទល្មើស ហើយភ្ជាប់ការងារទៅនឹងជីវភាពប្រជាពលរដ្ឋ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដល់ទស្សនៈឱ្យសិស្សនគរបាលជាតិខិតខំសិក្សារៀនសូត្រ និងត្រៀមខ្លួនបំពេញភារកិច្ចជាក់ស្ដែងនិងសិក្សារៀនសូត្របន្ថែមពីការងារជាក់ស្ដែង ពិសេសពាក់ព័ន្ធនឹងការប្រែប្រួលនៃបទល្មើសប្រឈមៗនិងថ្មីៗ ដូចជាគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យាជាដើម។
ការណែនាំរបស់ សម្ដេចឧបនាយករដ្ឋមន្រ្តី បានធ្វើឡើងនាព្រឹកថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២នេះ នាឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខ សិស្សនគរបាលនៅសាលានគរបាលភូមិភាគ២ ខេត្តកំពង់ចាម។
សម្ដេចក្រឡាហោម ស ខេង បានបន្តថា ដើម្បីឱ្យនគរបាលមានការយល់ដឹង មានវិជ្ជាជីវៈ មានគុណវុឌ្ឍ មានគុណធម៌ និងប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ គឺចាំបាច់ណាស់ត្រូវតែសិក្សារៀនសូត្រឱ្យបានត្រឹមត្រូវ ពោលគឺអ្នកដែលត្រូវបានប្រឡងជាប់ជាមន្រ្តីនគរបាល ត្រូវតែឆ្លងកាត់វគ្គសិក្សាជាក់ស្ដែងវគ្គមូលដ្ឋាននាពេលនេះមានរយៈពេល៤ខែ ហើយថាថាមន្រ្តីនគរបាលឆ្លងកាត់ការរៀនសូត្រ ប្រាកដជានឹងបំពេញភារកិច្ចបានល្អប្រសើរជាងអ្នកមិនបានរៀនសូត្រ។
សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងបង្កើនចំនួនក្របខណ្ឌមន្រ្តីនគរបាលរំលែកទៅឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយបែងចែកពីការិយាល័យ និងនាយកដ្ឋាននានាដែលមានបុគ្គលិកច្រើន។ សម្ដេចបន្តថាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នេះ ស្ថិតក្នុងចំណោមតួអង្គសំខាន់ដែលនៅជិតប្រជាពលរដ្ឋបំផុត ដូចជាក្រុមប្រឹក្សឃុំ សង្កាត់ ស្មៀន មេភូមិ អនុភូមិ ប៉ុស្តិ៍សុខភាព និងគ្រូបង្រៀនជាដើម។ សម្ដេចក៏បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការផ្សារភ្ជាប់ការងារទៅនឹងជីវភាពប្រជាពលរដ្ឋផងដែរ៕