ក្រសួងអប់រំ ប្រកាសបន្ដលើកកម្ពស់គុណភាពប្រឡងគ្រប់ប្រភេទ ដោយមិនបន្ធូរបន្ថយឡើយ ដើម្បីពង្រឹងគុណភាពធនធានមនុស្ស
ភ្នំពេញ ៖ លោក រស់ សុវាចារ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ក្រសួង បន្ដលើកកកម្ពស់គុណភាពប្រឡងគ្រប់ប្រភេទ ដោយមិនមានការបន្ធូរបន្ថយឡើយ ដើម្បីពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជា។
ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា» រៀបចំដោយអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោក រស់ សុវាចារ បានថ្លែងឲ្យដឹងថា នាពេលបច្ចុប្បន្ននេះគុណភាពនៃការអប់រំ គឺក្រសួង បានបន្ដរៀន និងបង្រៀនពេញលេញ នៅគ្រប់កម្រិតក្នុងប្រទេសកម្ពុជា ដើម្បីសិក្សាឆ្លើយទៅនឹងតម្រូវការ រៀនសូត្រ និងតម្រូវការទីផ្សារ ជាដើម ក្នុងបរិបទកូវីដ-១៩នេះ ផងដែរ។
លោក បន្ដថា មុននឹង ក្នុងបរិបទកូវីដ-១៩ ការរៀន និងបង្រៀន ប្រព្រឹត្តិទៅតាមរូបភាព និងយុទ្ធការដែលក្រសួងអប់រំ យុវជន និងកីឡា មានភាពជាអ្នកដឹកនាំក្នុងការឆ្លើយតបភ្លាមៗ ក្រោមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយក។ លោកថា ការអប់រំតាមប្រព័ន្ធឌីជីថល នៅតែបន្តសម្រាប់ស្វ័យសិក្សា ទោះបីសាលាទាំងអស់បើកដំណើរការឡើងវិញ។
លោក អ្នកនាំពាក្យ បានបញ្ជាក់ថា «ក្រសួងអប់រំ យុវជន និងកីឡា មុន និងក្នុងបរិបទកូវីដ-១៩ គឺបន្ដអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន សម្រាប់ការប្រឡងគ្រប់ប្រភេទ ដោយមិនមានការបន្ធូរបន្ថយទេ នេះជាកត្តាសំខាន់។ សួរថា មូលហេតុអ្វីក៏មិនមានការបន្ធូរបន្ថយ ការពង្រឹងគុណភាពធនធានមនុស្សកម្ពុជា អាចបន្ដប្រព្រឹត្តទៅបាន ក្រោមគោលការណ៍ទាំងបួន (ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយក) ដែលក្រសួងអប់រំយុវជន និងកីឡា បានបន្ដអនុវត្តយ៉ាងយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបន្ដកំណែងទម្រង់ អប់រំ យុវជន និងកីឡា ជាពិសេស ការបន្ដលើកកម្ពស់ គុណភាព ប្រឡងតែម្ដង»៕EB