ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រោយការបោះឆ្នោតឃុំ-សង្កាត់ ប្រជាពលរដ្ឋដែលបានគាំទ្រ និងចូលរួមក្នុងសកម្មភាពគណបក្សផ្សេងៗគ្នា មិនត្រូវធ្វើការបែងចែក គុំគួន និងរើសអើងខាងនយោបាយដាក់គ្នានោះឡើយ។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលពិធីប្រារព្ធធ្វើឡើងនៅក្រុងព្រះសីហនុ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា ក្រោយពីការប្រកាសលទ្ធផលបោះឆ្នោត បេក្ខជនជាប់ឆ្នោតមកពីគណបក្សផ្សេងៗគ្នានឹងក្លាយទៅជាក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាអាជ្ញាធរសាធារណៈ ដែលមានកាតព្វកិច្ចតាមផ្លូវច្បាប់ ធ្វើជាតំណាងរបស់ប្រជាពលរដ្ឋក្នុងឃុំ សង្កាត់របស់ខ្លួន ដើម្បីការពារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់ គឺមិនគ្រាន់តែជាតំណាងឱ្យ ប្រជាពលរដ្ឋដែលគាំទ្រគណបក្សខ្លួននោះឡើយ។

សម្ដេច បន្ដថា ហេតុនេះ សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតដែលមកពីគណបក្សផ្សេងៗគ្នា ត្រូវខិតខំសម្របសម្រួលធ្វើការជាមួយគ្នា ដើម្បីបម្រើប្រជាពលរដ្ឋគ្រប់ៗរូបក្នុងឃុំ សង្កាត់ របស់ខ្លួន ដោយមិនត្រូវមានការរើសអើង និងបែងចែកពណ៌សម្បុរនយោបាយនោះឡើយ។

សម្ដេច បញ្ជាក់ថា «ដូចគ្នានេះដែរ ប្រជាពលរដ្ឋដែលបានគាំទ្រ និងចូលរួមក្នុងសកម្មភាពគណបក្ស ផ្សេងៗគ្នាដែលបានប្រកួតប្រជែងគ្នាក្នុងពេលបោះឆ្នោត ក៏មិនត្រូវធ្វើការបែងចែក ការគុំគួន ការរើសអើងខាងនយោបាយដាក់គ្នានោះឡើយ។ ក្រោយការបោះឆ្នោត ប្រជាពលរដ្ឋដែលមាននិន្នាការនយោបាយផ្សេងៗគ្នា ត្រូវរួមសហការគ្នាជួយជ្រោមជ្រែង ឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកឱ្យបានល្អនៅតាមមូលដ្ឋាននីមួយៗ និងសហការចូលរួម ជាមួយក្រុមប្រឹក្សាជាប់ឆ្នោតក្នុងឃុំ សង្កាត់របស់ខ្លួន ដើម្បីអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ឱ្យរីកចម្រើនជាបន្ថែមទៀត»។

សម្ដេច បន្ថែមថា ហេតុនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សនយោបាយនានា និងអ្នកពាក់ព័ន្ធ ត្រូវរួមគ្នាលើកកម្ពស់វប្បធម៌នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីរស់នៅនិងបំពេញ ការងារជាមួយគ្នាប្រកបដោយភាពសុខដុមរមនាក្នុងសង្គម សំដៅធានាចីរភាពន ដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអភិវឌ្ឍសង្គមនៅកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ