ភ្នំពេញ ៖ បន្ទាប់ពីបានវាយប្រហារគ្នាតាមបណ្តាញសង្គមហ្វេសប៊ុក នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសជាថ្មីអំពីការផ្តាច់សម្ព័ន្ធភាពជាមួយ លោក សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយមដែលកំពុងរស់នៅនិរទេស។

ការប្រកាសរបស់ លោក កឹម សុខា បានធ្វើឡើងនៅក្នុងសវនាការ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បន្ទាប់ពី លោក សម រង្ស៉ី បានវាយប្រហាររូបលោកចំពោះការមិនចេញទៅបោះឆ្នោតគាំទ្រគណបក្សភ្លើងទៀន ដែលជាចលនាប្រឆាំងដ៏ខ្លាំងថ្មីមួយ បន្ទាប់ពីរំលាយគណបក្សសង្រ្គោះជាតិ។

នៅក្នុងសវនាការនេះ លោក កឹម សុខា បានប្រកាសថា លោកនឹងគ្មានទំនាក់ទំនងអ្វីទាំងអស់ជាមួយលោក សម រង្ស៉ី ដែលកំពុងរងបណ្តឹងជាច្រើន និងកំពុងរស់នៅបរទេស។ លោក កឹម សុខា អះអាងថា រូបលោក និងលោក សម រង្ស៉ី មិនមែនជាមនុស្សតែមួយដូច លោក សម រង្ស៉ី ធ្លាប់បានលើកឡើងទេ ហើយគ្រប់សកម្មភាពដែលលោក សម រង្ស៉ី បានធ្វើកន្លងទៅ លោកមិនដែលបានគាំទ្រនោះឡើយ។

នេះមិនមែនជាលើកទី១ទេ ដែល លោក កឹម សុខា ចេញមុខប្រកាសផ្តាច់សម្ព័ន្ធភាពជាមួយ លោក សម រង្ស៉ី។ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក កឹម សុខា បានចេញប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុកថា លោកនិង សម រង្ស៉ី មិនមែនជាមនុស្សតែមួយទៀតទេ និងព្រមានចំៗទៅកាន់ លោក សម រង្ស៉ី ឱ្យឈប់យករូប និងឈ្មោះរបស់លោកទៅប្រើប្រាស់ ធ្វើសកម្មភាពបម្រើមហិច្ឆតានយោបាយរបស់ខ្លួនតទៅទៀត។

លោក កឹម សុខា បានលើកឡើងដូច្នេះថា «ខ្ញុំសង្កេតឃើញថា រហូតមកដល់ពេលនេះ លោក សម រង្ស៉ី និង សហការីនៅតែបន្តយកឈ្មោះ និងរូបថតខ្ញុំទៅប្រើប្រាស់ភ្ជាប់ជាមួយនឹងសកម្មភាពនានា ដែលពុំមានការអនុញ្ញាត ឬគាំទ្រពីខ្ញុំ។ លើសពីនេះទៅទៀត ជាក់ស្តែង លោក សម រង្ស៉ី និងសហការីបានដើរចេញពីគោលការណ៍ និងស្មារតីដើមនៃការរួបរួម ដោយទៅបង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង ជាពិសេសថ្មីៗនេះគឺការត្រលប់ទៅគាំទ្រដោយចំហរឬ នៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ