អំឡុងពេល៧ថ្ងៃខាងមុខ កម្ពុជា នឹងអាចមានភ្លៀងធ្លាក់ផ្នែកខ្លះ តិចទៅបង្គួរ និងផ្នែកខ្លះ តិចទៅមធ្យម
ចាប់ពីថ្ងៃទី០៨ ដល់ ១៤ ខែកក្កដា ឆ្នាំ២០២០ កម្ពុជា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតតិចទៅបង្គួរ តាមតំបន់ផ្សេងៗ ខណៈខ្យល់មូសុងនីរតីបក់ក្នុងល្បឿនមធ្យម ជាមួយនឹងជ្រលងសម្ពាធទាបអូសបន្លាយលើប្រទេសកម្ពុជា។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងអំឡុងពេល ៧ថ្ងៃខាងមុខ តំបន់វាលទំនាបកណ្ដាល នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិត ខ្សោយទៅមធ្យម នៅថ្ងៃទី៨-១០ និងបន្ទាប់ពីនោះ ភ្លៀងនៅក្នុងកម្រិតតិចទៅបង្គួរ។ ចំណែកបណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតខ្សោយទៅមធ្យម។ រីឯ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅមធ្យម។
ក្រសួងបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ៕sp