សម្ដេច ស ខេង ៖ កម្ពុជា កំពុងខិតខំប្រយុទ្ធប្រឆាំងបទល្មើសសម្អាតប្រាក់ និងប្រឆាំងការរីកសាយភាយ នៃអាវុធមហាប្រល័យ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា កម្ពុជា កំពុងតែខិតខំប្រយុទ្ធប្រឆាំងទៅនឹងបទល្មើសសម្អាតប្រាក់ និងការប្រឆាំងទៅនឹងការរីកសាយភាយ នៃអាវុធមហាប្រល័យ ផងដែរ។
នាឱកាសអនុញ្ញាជូន លោក Pham Quang Hieu អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ចូលជួបសម្តែងការគួរសម នាថ្ងៃទី២៨៧ កក្កដា សម្ដេច ស ខេង បានលើកឡើងថា កន្លងមកខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរ គឺតែងតែអនុវត្តទៅតាមការកំណត់ ហើយដែលកិច្ចការទាំងនេះ ក៏បានរួមចំណែកធ្វើឲ្យការងាររក្សាថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់តាមព្រំដែនរវាងប្រទេសទាំងពីរ មានភាពល្អប្រសើរផងដែរ។
សម្ដេច បញ្ជាក់ថា «បច្ចុប្បន្នពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខ គឺមានកិច្ចការសំខាន់ៗចំនួនពីរ ដោយទីមួយ គឺពាក់ព័ន្ធទៅនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទីពីរ គឺការងារប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្ស ដែលកិច្ចការទាំងនេះជាការងារដ៏ស្មុគស្មាញ ហើយដែលកម្ពុជាកំពុងតែបន្តយុទ្ធនាការ ក៏ដូចជាបន្តអនុវត្តយ៉ាងយកចិត្តទុកដាក់ប្រកបដោយឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់»។
សម្ដេច បន្តថា «មួយវិញទៀត កម្ពុជាក៏កំពុងតែខិតខំប្រយុទ្ធប្រឆាំងទៅនឹងបទល្មើសសម្អាតប្រាក់ និងការប្រឆាំងទៅនឹងការរីកសាយភាយនៃអាវុធមហាប្រល័យផងដែរ»។
នាឱកាសនោះ លោក អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានឯកភាពចំពោះការលើកឡើងរបស់សម្ដេចទៅលើទិដ្ឋភាពល្អប្រសើរ នៃការរក្សាសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ។
លើសពីនេះ លោកក៏បានភាពថា បញ្ហាគ្រឿងញៀន និងការជួញដូរមនុស្ស គឺជាកិច្ចការមួយដែលប្រឈម និងត្រូវតែបន្តធ្វើយ៉ាងណាខិតខំសហការ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាប៕EB