ក្រុមការងារជីវចម្រុះរកឃើញសម្បុកក្រៀល២ សម្បុកកូន៤ល្បាល នៅដែនជម្រកសត្វព្រៃលំផាត់
ភ្នំពេញ ថ្ងៃទី២៨ ឆ្នាំ២០២២--ប្រភពពីអង្គការ Nature Life ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ថា ក្នុងខែកញ្ញានេះសត្វក្រៀលជាបក្សីដែលកំពុងរងគ្រោះបំផុតជិតផុតពូជនោះ បាននិងកំពុងមានវត្តមាន នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។
រដូវវស្សាជារដូវបន្តពូជរបស់សត្វក្រៀល ក្រុមការងារជីវចម្រុះអង្គការជីវិតធម្មជាតិនៅកម្ពុជា(Nature Life Cambodia)បានចុះអង្កេតតាមដានស្វែងរកសម្បុកពងកូនរបស់ពួកវា នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ តាមវិធីសាស្រ្ត និងកាលវិភាគដែលបានចែងក្នុងពិធីសារអង្កេតតាមដាន។ ជាលទ្ធផលនៅក្នុងខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមការងារបានរកឃើញសម្បុកពងកូនរបស់សត្វក្រៀលចំនួន២សម្បុក សម្បុកទី១ដែលបានរកឃើញមានកូនចំនួន២ក្បាល ដែលមានអាយុ៤ថ្ងៃ និង សម្បុកទី២មានកូនចំនួន២ក្បាល មានអាយុប្រមាណ៣០ថ្ងៃ សរុបមានកូនចំនួន៤ក្បាល។
គួរបញ្ជាក់ផងដែរថាកាលពីដើមខែកក្កដា ឆ្នាំ២០២២ កន្លងមកនេះក្រុមការងារក៏បានរកឃើញសម្បុកពងកូនរបស់សត្វក្រៀលចំនួន១សម្បុកផងដែរ ប៉ុន្តែគួរឱ្យសោកស្តាយសម្បុកដែលបានរកឃើញនោះត្រូវបានបំផ្លាញ។
សម្រាប់រដូវពងកូន ឆ្នាំ២០២២ យើងបានរកឃើញសម្បុកពងកូនរបស់សត្វក្រៀលចំនួន៣សម្បុកហើយ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា នេះបង្ហាញថា ដែនជម្រកសត្វព្រៃលំផាត់ គឺដើរតួយ៉ាងសំខាន់សម្រាប់គាំទ្រដល់ការរស់នៅ និងការបន្តពូជរបស់ប្រភេទសត្វកម្រជិតផុតពូជនេះ ៕