ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំងការសម្អាតប្រាក់ នៃក្រសួងបរិស្ថាន បានថ្លែងថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ គឺនៅមានបទល្មើសខ្នាតតូច ដែលចាំបាច់ត្រូវបន្តទប់ស្កាត់ និងបង្ក្រាបឲ្យទាន់ពេលវេលា។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេតប្រឆាំងនឹងការសម្អាតប្រាក់ ជូនមន្ត្រីនគរបាលយុត្តិធម៌ នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ នាថ្ងៃទី១៣ កក្កដា លោក នេត្រ ភក្ត្រា បានថ្លែងថា ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មជាឧបករណ៍គតិយុត្តដ៏មានតម្លៃ ត្រូវបានប្រើប្រាស់ក្នុងការចូលរួមចំណែកការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃ ឈើ សត្វព្រៃ និងជីវៈចម្រុះដែលកម្ពុជាមាន បន្ថែមពីលើច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

លោក បានជំរុញដល់មន្ត្រីនគរបាលយុត្តិធម៌ នៃក្រសួងបរិស្ថានបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈ ក្នុងកិច្ចការរបស់ខ្លួន និងខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការការពារនិងអភិរក្សជីវៈចម្រុះ ជាពិសេសទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលានូវបទល្មើសធនធានធម្មជាតិដែលកើតឡើង។ លោកថា បទល្មើសធនធានធម្មជាតិកាប់បំផ្លាញព្រៃឈើ និងការជួញដូរសត្វព្រៃដែលជាកម្មវត្ថុ នៃការពន្លាតសំណុំរឿងប្រឆាំងការសម្អាតប្រាក់ ករណីមានតម្រុយនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

លោក បានគូសបញ្ជាក់ថា «បច្ចុប្បន្ននេះ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀត ហើយ គឺនៅមានបទល្មើសខ្នាតតូចដែលយើងចាំបាច់ត្រូវបន្តទប់ស្កាត់និងបង្ក្រាប។ ចំណែកបទល្មើសជួញដូរសត្វព្រៃក្នុងស្រុកជាបទល្មើសប្រពៃណីសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ដែលមន្ត្រីជំនាញបន្តទប់ស្កាត់»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ