តើទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា មានប្រភពមកពីណា?
ការតស៊ូទាមទារសិទ្ធិស្ត្រី ទំរាំតែមានទិវាអន្តរជាតិ ៨មីនានេះ មិនមែន ធ្វើតែមួយថ្ងៃបាននោះទេ។ វាគឺជាលទ្ធផល នៃការតវ៉ា ទាមទាររបស់សកម្មជន អស់រយៈពេលរាប់សិបឆ្នាំ បន្តិចម្តងៗ ទំរាំតែមានថ្ងៃនេះ។ កាលពីដើមសតវត្សទី២០ លក្ខខណ្ឌរស់នៅ របស់ស្ត្រីនៅទូទាំងពិភពលោក មានការលំបាកណាស់។
នៅចុងសតវត្សទី ១៩ បច្ចេកវិជ្ជាបានរីកចម្រើនយ៉ាងខ្លាំងក្លានៅលើសកលលោក ជាពិសេសនៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដែលមានខឿនឧស្សាហកម្មរីកចម្រើន។ នារី និងកុមារក្រីក្ររាប់លាននាក់ ត្រូវបានទាក់ទាញឱ្យចូលធ្វើការនៅក្នុងរោងចក្រសហគ្រាសឯកជននានាទាំងឡាយ។ ពួកម្ចាស់រោងចក្រសហគ្រាសមួយចំនួនមានគំនិតលោភលន់ កេងប្រវ័ញ្ចមិនស្កប់ស្កល់លើកម្លាំងរបស់នារី កុមារ និងកម្មករបានបង្ខំឱ្យពួកគេធ្វើការជាទម្ងន់ក្នុងមួយថ្ងៃពី ១២ម៉ោង ទៅ១៦ម៉ោង ហើយផ្ដល់ប្រាក់បៀវត្សយ៉ាងតិចតួចបំផុត ដោយមិនគិតពីសុខភាពរបស់កម្មករឡើយ ជាហេតុធ្វើឱ្យនារី និងកុមារទាំងនោះត្រូវរស់នៅក្នុងជីវភាពដុនដាបលំបាកវេទនា។
ដោយការឈឺចាប់យ៉ាងពុះពារជាប់ជានិច្ចចំពោះអំពើកៀបសង្កត់កេងប្រវ័ញ្ចហួសប្រមាណនោះ នៅថ្ងៃទី ៨ មីនា ឆ្នាំ ១៨៩៩ កម្មការិនីផ្នែកតម្បាញ និងកាត់ដេរនៅទីក្រុងស៊ីកាហ្គោ និងញ៉ីវយ៉ក សហរដ្ឋអាមេរិក បានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងតស៊ូយ៉ាងប្ដូរផ្ដាច់ទាមទារឱ្យ បន្ថយម៉ោងធ្វើការ និងដំឡើងប្រាក់បៀវត្ស។ចលនាដ៏ស្វិតស្វាញនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើនារីពលករនៅប្រទេសអាឡឺម៉ង់ដែលជា ប្រទេសឧស្សាហកម្មធំមួយនាសម័យនោះ។ នៅប្រទេសអាឡឺម៉ង់ក្នុងពេលនោះបានលេចឡើងនូវយុវនារី ៣រូបដ៏ល្បីល្បាញគឺ អ្នកស្រី ក្លារ៉ាស្ជេគគិន ជនជាតិអាឡឺម៉ង់ និង រ៉ូស្កាលុមស្ព័របួរ ជនជាតិប៉ូឡូញ ដែលបានចូលរួមគ្នាយ៉ាងជិតស្និទ្ធជាមួយអ្នកស្រី គ្រូបស្កាយ៉ាបំផុសចលនាបង្ខិតបានជាគណៈលេខាអន្តរជាតិដើម្បីដឹកនាំចលនានារី។
ឆ្នាំ ១៩១០ សន្និបាតអន្តរជាតិនារីដែលមានប្រទេស ១៧ ចូលរួមបានធ្វើឡើងនៅទីក្រុងកូប៉ែនហាក រដ្ឋធានីនៃប្រទេសដាណឺម៉ាក បានសម្រេចយកថ្ងៃ ៨ មីនា “ទិវានារីអន្តរជាតិ” ថ្ងៃមហាសាមគ្គីតស៊ូរបស់នារីពលករទូទាំងសាកលលោក ដើម្បីសិទ្ធិសេរីភាពប្រជាធិបតេយ្យដោយភ្ជាប់ជាមួយនឹងពាក្យស្លោកថា «មួយថ្ងៃធ្វើការប្រាំបីម៉ោង», «ធ្វើការស្មើគ្នា បៀវត្សស្មើគ្នា» «ការពារសុខភាពមាតា និងទារក» ។
ចាប់តាំងពីថ្ងៃនោះមក ថ្ងៃ ៨ មីនាបានក្លាយទៅជាថ្ងៃបុណ្យអន្តរជាតិនារី ដែលរំឮកអំពីការតស៊ូរបស់នារីពលករទូទាំងសកលលោក ដែលប្រឹងប្រែងដើម្បីរំដោះនារី ដោយទាមទារឱ្យអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងនារី។គឺដោយសារតែមានកិច្ចប្រឹងប្រែងដោយអំណត់ និងពុះពារនឹងការលំបាកគ្រប់បែបយ៉ាងពី ១០០ ឆ្នាំមុននេះ ហើយទើបបច្ចុប្បន្ននេះ នារីក្នុងពិភពលោកមានឱកាស ទទួលបាននូវសិទ្ធិស្មើភាពក្នុងការបន្តុះបង្អាប់ខ្លះៗក៏ដោយ។ លទ្ធផលដ៏ត្រចះត្រចង់នេះបានកាត់បន្ថយអស់ជាច្រើននូវអំពើហិង្សា និងការរើសអើងចំពោះនារីភេទដែលគេតែងចាត់ទុកជាភេទទន់ខ្សោយនោះ។
ជាបន្ទាប់ ចលនានារីអន្តរជាតិ បានខិតខំដោះស្រាយបញ្ហានារីដែលនៅសេសសល់តាម រយៈការស្នើរឡើងទៅអង្គការសហប្រជាជាតិដោយសន្និសីទនារីជាច្រើនលើក ច្រើនសារ។នៅឆ្នាំ ១៩៧៥ សន្និសីទពិភពលោករបស់នារីលើកទី១ បានធ្វើឡើងនៅទីក្រុងម៉ិចស៊ិចកូ ប្រទេសម៉ិចស៊ិច ក្រោមប្រធានបទ «សមភាព វឌ្ឍនភាព និងសន្តិភាព»។ ផែនការសកម្មភាពដែលបានសម្រេចនៅពេលនោះ គេបានអំពាវនាវឱ្យមានការលុបបំបាត់រាល់ទម្រង់នៃការរើសអើង ប្រឆាំងនឹងនារីភេទ និងរៀបចំទម្រង់ការដ៏មានប្រសិទ្ធភាពសម្រាប់អនុម័តអនុសញ្ញានេះ។
ខែតុលា ឆ្នាំ១៩៧៥ដដែល អង្គការសហប្រជាជាតិបានប្រកាសថាពីឆ្នាំ ១៩៧៦ ដល់ ១៩៨៥ ជាសតវត្សសម្រាប់នារី។នៅឆ្នាំ ១៩៨០ សន្និសីទពិភពលោកលើកទី២ របស់នារីបានធ្វើឡើងនៅទីក្រុងកូប៉េនហាក ប្រទេសដាណឺម៉ាក ដើម្បីពិនិត្យមើលការរីកចម្រើន និងការអនុវត្តផែនការសកម្មភាពដែលកំណត់ក្នុងសន្និសីទលើកទី១ និងគ្រោងទុកនូវខ្សែលើកយកមកពិភាក្សា គឺការអប់រំការងារ និងសុខភាព។
ឆ្នាំ ១៩៨៥ ចុងបញ្ចប់នៃទស្សវត្សនារី គេបានរៀបចំសន្និសីទលើកទី៣ម្ដងទៀត នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលសម្រេចរបស់ទស្សវត្សនារីព្រមទាំងធ្វើការ អនុម័តលើយុទ្ធវិធីចម្រើនទៅមុខសម្រាប់ភាពលូតលាស់របស់នារីក្នុង ឆ្នាំ ២០០០។
ចុងក្រោយនេះគឺឆ្នាំ ១៩៩៥ ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៥ កញ្ញា អង្គការសហប្រជាជាតិបានរៀបចំសន្និសីទនារីពិភពលោកលើកទី៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ប្រធានបទជាគោលគឺ «សមភាព វឌ្ឍនភាព និងសន្តិភាព» ដដែលតែនៅបានបន្ថែមក្នុងកិច្ចពិភាក្សានូវកង្វល់ ១២ យ៉ាងរបស់នារីថែមទៀតគឺ «ភាពក្រីក្រ, ការអប់រំ, អំពើហឹង្សា, ផលវិបាកនៃជម្លោះ, អាវុធ, នារីក្នុងរចនាសម្ព័ន្ធនយោបាយ និងសេដ្ឋកិច្ច, តួនាទីនារីក្នុងការធ្វើសេចក្ដីសម្រេចចិត្ត, យន្តការលើកកម្ពស់ការរីកចម្រើនរបស់នារី, សិទ្ធិនារីលើប្រព័ន្ធផ្សព្វផ្សាយ, បរិស្ថាន និងបញ្ហាកុមារី៕