ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា ការផ្ទុះឡើង ឆាបឆេះឃ្លាំងកាំជ្រួចនៅក្នុងផ្សា​រទំនើ​បមួយកន្លែង ក្នុងរដ្ឋធានី Yerevan ប្រទេស Armenia កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្ស ៣ នាក់​ និងជាង ៦០ នាក់ ទៀតរងរបួស។

ក្រុមអ្នកជួយសង្គ្រោះបានរុះរើដែករមួល និងកម្ទេចថ្ម ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ខណៈដែ​លមានអ័ព្ទនៃធូលី និងផ្សែងហុយនៅលើអាកាស។ ជាមួយគ្នានេះ អ្នកឈរមើលបានជួយជនរង​គ្រោះ​ផ្លា​ស់ទីទៅកន្លែងមានសុវត្ថិភាពផងដែរ។

ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សំដីក្រសួងសង្គ្រោះបន្ទាន់របស់ប្រទេស បានផ្សាយថា សាកសពជនរងគ្រោះទី ៣ ត្រូវបានគេរកឃើញហើយ ដោយមន្ត្រីបានរាយការណ៍នៅមុននេះថា មានមនុស្សស្លាប់ ២ នាក់។

ក្នុងនោះរដ្ឋមន្ត្រីសង្គ្រោះបន្ទាន់ លោក Armen Pambukhchyan ដោយទីភ្នាក់ងារសារព័ត៌មាន លោក Sputnik Armenia បានអោយដឹងថា ភ្លើងត្រូវបានពន្លត់ ប៉ុន្តែខ្យល់បក់ខ្លាំងនៅតែបង្កការគំរាមកំហែង។ លោកបានបន្ថែមទៀតថា ក្រុមជួយសង្គ្រោះនឹងបន្តការស្វែងរកអ្នកនៅរស់ទាំងយប់។

 ជាងនេះទៅទៀតនោះ ក្រសួងទទួលបន្ទុកសង្គ្រោះបន្ទាន់ បាននិយាយថា ការស៊ើបអង្កេតដំ​បូងបាន​បង្ហា​ញថាការផ្ទុះធំចំនួន២បាននាំឱ្យបាក់ផ្នែកនៃអគារ ។ចំណែកឯ ក្រសួងសុខាភិបាលក៏បា​ន​និយាយ​ថា មនុស្ស ៦១ នាក់ បានរងរបួស ដោយខ្លះត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។

 

គួរបញ្ជាក់ថា គេមិនទាន់ដឹងច្បាស់នៅឡើយទេថាតើកាំជ្រួចផ្ទុះឡើងដោយសារអ្វីនោះ ៕ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ