ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា កីឡាករ-កីឡាការិនី របស់ក្រសួងមហាផ្ទៃ ត្រៀមខ្លួនចេញទៅប្រកួតនៅកាណាដា នាពេលខាងនោះ គឺជាបេសកកម្មដ៏មានសារៈសំខាន់ សម្រាប់ប្រទេសជាតិទាំងមូល។

ប្រតិភូកីឡាក្រសួងមហាផ្ទៃកម្ពុជា ចំនួន ៤៨នាក់ នឹងធ្វើដំណើរទៅប្រទេសកាណាដា ដើម្បីចូលរួមព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police and Fire Games 2023) នៅប្រទេសកាណាដា ចាប់ផ្ដើមពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។

ក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ-កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រៀមខ្លួនចេញទៅប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ នៅកាណាដា នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបានរៀបចំប្រភេទកីឡា និងត្រៀមចេញទៅចូលរួមប្រកួតនៅប្រទេសកាណាដា ដែលជាបេសកកម្មដ៏មានសារៈសំខាន់នេះ មិនត្រឹមតែសម្រាប់ក្រសួងមហាផ្ទៃប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ប្រទេសជាតិទាំងមូល»។

សម្ដេចក្រឡាហោម បានថ្លែងកោតសរសើរចំពោះកីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលទទួលបានជ័យជំនះក្នុងការប្រកួតទាំងកម្រិតជាតិ កម្រិតតំបន់ និងអន្តរជាតិ ជាបន្តបន្ទាប់ រួមទាំងក្នុងព្រឹត្តិការស៊ីហ្គេម ដែលកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា ការរៀបចំកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក គឺដើម្បីបង្ហាញពីសមាគ្គីភាព សមត្ថភាព និងទេព្យកោសល្យរបស់កងនគរបាលនៃប្រទេសនីមួយៗ និងតែងតែមានប្រទេសជាង៧០ បានចាត់បញ្ជូនប្រតិភូកីឡាចូលរៀងរាល់ការប្រកួត ហើយប្រទេសកម្ពុជាធ្លាប់បានបញ្ជូនប្រតិភូកីឡាចូលរួមចំនួន ២លើក ក្នុងចំណោមការរៀបចំចំនួន ២០លើក។ កីឡាករ កីឡាការិនីកម្ពុជា នឹងចូលរួមប្រកួតលើ ១៣ប្រភេទកីឡា រួមមាន៖ កីឡាវាយសី, កីឡាលើកទំងន់, កីឡាយូដូ, កីឡាជីជិតស៊ូ, កីឡាការ៉ាតេ, កីឡាហែលទឹក, កីឡាវាយកូនឃ្លីលើតុ, កីឡាបាល់ទះក្នុងសាល, កីឡាបាល់ទះឆ្នេរខ្សាច់, កីឡាចំបាប់, កីឡាចំបាច់កាច់ដៃ, កីឡាវាយកូនគោល, កីឡា Bench Press និងកីឡា Push Pull Lifting៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ