ភ្នាក់ងារគយបារាំងប្រគល់ចម្លាក់លិបមួយផ្ទាំងនៅសតវត្សរ៍ទី១២ ដែលត្រូវបានរឹបអូសដល់កម្ពុជាវិញ
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ លោក កេត សោផាន់ ឯកអគ្គរាជទូតកម្ពុជាប្រ ចាំប្រទេសបារាំង បានធ្វើដំណើរទៅកាន់ទីក្រុងលីយ៉ុង ដើម្បីទទួលយកចម្លាក់លិបមួយផ្ទាំង ដែលត្រូវបានភ្នាក់ងារគយបារាំងរឹបអូស។
ពិធីប្រគល់សម្បត្តិបេតិកភណ្ឌវប្បធម៌នេះត្រូវបានធ្វើឡើងនៅនាយកដ្ឋានគយអន្តរតំបន់ និង សិទ្ធិប្រយោលនៃទីក្រុងលីយ៉ុង ក្រោមអធិបតីភាពរបស់លោក Eric MEUNIER នាយកគយអន្តរតំបន់ Auvergne-Rhône-Alpes និងលោកស្រី Juliette BOSSART-TRIGNAT ប្រតិភូខេត្តលីយ៉ុង ទទួល បន្ទុកកិច្ចការការពារ និងសន្តិសុខតំបន់។
ចម្លាក់លិបនេះធ្វើពីថ្មភក់ មានប្រាំបំណែក កសាងឡើងនៅសតវត្សរ៍ទី១២ ឬទី១៣ និងមាន ទម្ងន់ប្រហែល ៣០០ គីឡូក្រាម អាចមានប្រភពមកពីប្រាសាទព្រះខ័នកំពង់ស្វាយ ឬពីប្រាសាទ បន្ទាយឆ្មារ ចម្លាក់នេះត្រូវបានគេលួចកាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ និងត្រូវបានរឹបអូសនៅក្នុង ក្របខ័ណ្ឌនៃប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងរបស់ក្រុមហ៊ុនលក់ដេញថ្លៃវត្ថុបុរាណមួយកន្លែង នៅទីក្រុង លីយ៉ុង កាលពីខែកុម្ភៈ ឆ្នាំ២០២០។
សូមបញ្ជាក់ថា ការប្រគល់ចម្លាក់នេះដែលតំណាងឱ្យផ្នែកមួយនៃប្រវត្តិសាស្ត្រ និងជាបំណែក នៃដួងព្រលឹងអាណាចក្រខ្មែរ ក៏នឹងអនុញ្ញាតឱ្យមានការរួមផ្គុំឡើងវិញនៃដួងព្រលឹងជាតិ និង អត្តសញ្ញាណខ្មែរផងដែរ៕