សម្ដេច ស ខេង ៖ ល្បែងស៊ីសង ជាប្រភពនៃកើតមានបញ្ហាជាច្រើនក្នុងសង្គម និងបំផ្លាញសេចក្ដីសុខក្រុមគ្រួសារ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានថ្លែងថា ល្បែងស៊ីសង គឺវាជាប្រភព នៃកើតមានបញ្ហាជាច្រើនក្នុងសង្គម ពិសេសបទល្មើសព្រហហ្មទណ្ឌ និងការបំផ្លាញសេចក្ដីសុខ សុភមង្គលក្នុងក្រុមគ្រួសារ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៥បន្ទប់ នៃសាលាបឋមសិក្សាប្រឡាយថ្ងូរ និងសមិទ្ធផលផ្សេងៗ ស្ថិតនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ។
សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ជាថ្មីទៀតអំពីមហន្តរាយកើតចេញពីការលេងល្បែងស៊ីសងខុសច្បាប់ ទាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងនៅតាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់។
សម្ដេច បានសង្កត់ធ្ងន់ថា «ល្បែងស៊ីសងនេះ ក៏មិនខុសពីគ្រឿងញៀននោះដែរ គឺវាជាប្រភពនៃការកើតមានបញ្ហាជាច្រើនក្នុងសង្គម ពិសេសបទល្មើសព្រហហ្មទណ្ឌ និងការបំផ្លាញសេចក្ដីសុខ សុភមង្គលក្នុងក្រុមគ្រួសារ ហើយអាជ្ញាធរមានទំនួលខុសត្រូវក្នុងការងារនេះ»។
ពាក់ព័ន្ធនឹងមូលដ្ឋានខេត្តបាត់ដំបងនេះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ខេត្តបាត់ដំបងនារយៈពេលចុងក្រោយនេះ ហាក់កាន់តែទទួលបានការទាក់ទាញភ្ញៀវទេសចរណ៍ ទាំងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិថ្មីៗនេះ។ សម្ដេចបានផ្ដល់ទស្សនាទានឱ្យថ្នាក់ដឹកនាំខេត្ត ក្រុង និងស្រុក រួមគ្នាសិក្សាដើម្បីស្វែងរកឱ្យឃើញកាន់តែច្បាស់ថា តើហេតុអ្វីបានខេត្តបាត់ដំបងមានភ្ញៀវទេសចរណ៍មកកំសាន្តច្រើនជាងគេ ដើម្បីពង្រឹងគុណភាព និងសក្ដានុពលបន្ថែមទៀត៕EB