ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រមូលចំណូលពីវិស័យដីធ្លី និងសំណង់ បានចំនួន ៣៦៧ ១៣៩ ៨៩៦ ០៥០ រៀល ស្មើនឹងប្រមាណជិត៩០លានដុល្លារ ដើម្បីដាក់ចូលជាថវិកាជាតិ។

បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហាញថា ចំណូលរបស់រដ្ឋបាលកណ្តាលចំនួន ៨ ៣៦៨ ០៩១ ៦៤០រៀល ក្នុងនោះមានសេវាសំណង់ទូទៅចំនួន ៧ ១៨០ ៣១០ ៤០០រៀល, សេវាសំណង់លើសសន្ទស្សន៍ ១ ១៦៦ ០០០ ០០០រៀល, សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិកចំនួន ១០ ៤៩៩ ២០០រៀល និងចំណូលជួលអចលនវត្ថុចំនួន ១១ ២៨២ ០៤៤រៀល។

ចំណែកចំណូលរបស់មន្ទីររៀបចំដែនដី តាមបណ្តារាជធានីខេត្តចំនួន ៣៥៨ ៧៧១ ៨០៤ ៤១០រៀល ក្នុងនោះមាន៖ សេវាសុរិយោដី ចំនួន ៧១ ៨២៨ ៣៦០ ១១០ រៀល, សេវាសំណង់ទូទៅ ចំនួន ៤៦ ៤៤២ ៨៦៥ ១០០រៀល និង ពន្ធប្រថាប់ត្រាចំនួន ២៤១ ០០០ ៥៧៩ ២០០រៀល។

បើតាមរបាយការណ៍ គិតពីចាប់ផ្តើមអនុវត្តដល់ខែ វិច្ឆិកា ឆ្នាំ ២០២២ ក្រសួងបានចេញបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៦៧៣០៧៥២បណ្ណ ស្មើនឹង ៩៦,២ភាគរយ នៃចំនួនក្បាលដីប៉ាន់ស្មានដំបូង៧លានក្បាលដី ក្នុងនោះ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រេចបាន ៦១០ ៤០៥ ២បណ្ណ និងចែកបណ្ណបានចំនួន ៥៥៩ ០៨០៨បណ្ណ(សម្បទានដីសង្គមកិច្ចចំនួន ១៧៩ ៩៣បណ្ណ)និងចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបាន ៦២៦ ៧០០បណ្ណ។

ដោយឡែក ទាក់ទងនឹងវិស័យសំណង់ មានគម្រោងសំណង់នៅទូទាំងប្រទេសចំនួន ៣,៨២៧គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបជាង ៦លាន ៥សែនម៉ែត្រការ៉េ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ