ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់និស្សិត ឬពលរដ្ឋខ្មែរ កំពុងរស់នៅប្រទេសអ៊ីស្រាអែល ត្រូវស្តាប់តាមការណែនាំ និងអនុវត្តន៍តាមវិធានការចាត់ចែងរបស់អាជ្ញាធរអ៊ីស្រាអែល ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះក្រោយមានហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក ហើយក៏មានពលរដ្ឋខ្មែរ ចំនួន ៤៥០នាក់ កំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល។

តាមរយៈសារសំឡេង នាថ្ងៃទី៨ តុលា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កិច្ចការងារនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់តាំងពីស្ថានភាពផ្ទុះមក សម្ដេច ក៏បានប្រគល់ភារកិច្ចដល់ ក្រសួងការបទេស និងក្រសួងកសិកម្ម ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើការងារជាមួយ អាជ្ញាធរអ៊ីស្រាអែល ដើម្បីថែរក្សាការពារពលរដ្ឋខ្មែរ ឬនិស្សិត ចំនួន ៤៥០នាក់នោះ។

សម្ដេចធិបតី បញ្ជាក់ថា «ខ្ញុំ សូមអំពាវនាវឲ្យប្រជាពលរដ្ឋយើងមានវត្តនៅប្រទេសអ៊ីស្រាអែល ជាពិសេស ក្មួយ និងប្អូនៗ ជានិស្សិត ដែលរៀននៅទីនោះ សូមព្យាយាម រក្សា នូវសុវត្ថិភាពរបស់ខ្លួនជាពិសេសគឺអនុវត្តតាមគោលការណ៍ណែនាំរបស់អាជ្ញាធរ អ៊ីស្រាអែល»។

ទាក់ទងទៅនឹងបញ្ហានៅប្រទេសអ៊ីស្រាអែលនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អាណាព្យាបាល និងសាច់ញាតិ ដែលមានកូន បងប្អូន ឬសាច់ញាតិ កំពុងសិក្សារៀនសូត្រ និងរស់នៅប្រទេសអ៉ីស្រាអែល រក្សាចិត្តឱ្យនឹងន និងកុំស្លន់ស្លោ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេច រួមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តតាមយ៉ាងយកចិត្តទុកដាក់បំផុត លើស្ថានការណ៍នៅប្រទេសអ៉ីស្រាអែល ហើយនឹងដាក់ចេញនូវដំណោះស្រាយនានា ដើម្បីធានាដល់សុវត្ថិភាពនិស្សិត និងប្រជាពលរដ្ឋខ្មែរនៅអ៉ីស្រាអែល។

សូមបញ្ជាក់ថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា មាននិស្សិតខ្មែរម្នាក់ (ក្នុងចំណោមពលរដ្ឋខ្មែរចំនួន ៤៥០នាក់ កំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល) បានទទួលរងគ្រោះរហូតដល់បាត់បង់ជីវិត ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក។ រាជរដ្ឋាភិបាល សូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះ ការបាត់បង់ជីវិតនិស្សិតខ្មែររូបនេះ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពជនរងគ្រោះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ