បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអំពាវនាវដល់អាជ្ញាធរ ខិតខំរួមចំណែកឱ្យដំណើរការបោះឆ្នោតឃុំ-សង្កាត់ ប្រព្រឹត្តិទៅដោយបរិយាកាស សុខសន្តិភាព គ្មានអំពើហិង្សា និងការគំរាមកំហែង ដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសាសនិកឥស្លាមចំនួន ៦០០នាក់ អញ្ជើញមកពីបណ្ដាស្រុក ក្រុង ក្នុងខេត្តបាត់ដំបង នាថ្ងៃទី២៣ ឧសភា សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «សូមអំពាវនាវជាថ្មីទៀតឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ខិតខំរួមចំណែកឱ្យការបោះឆ្នោតនេះបានប្រព្រឹត្តិទៅក្នុងបរិយាកាសសុខសន្តិភាព គ្មានអំពើហិង្សានិងការគំរាមកំហែង ដើម្បីពង្រឹង និងលើកស្ទួយដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។

នាឱកាសនោះ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណគណៈសាសនាឥស្លាមកម្ពុជា ដែលបានគាំទ្រ និងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់គណបក្សប្រជាជនកម្ពជា។  សម្ដេច ចាត់ទុកថា ជោគជ័យ និងស្នាដៃដែលកម្ពុជាសម្រេចបានមកនេះ គឺមិនអាចកាត់ផ្ដាច់បានពីការចួលរួមចំណែករបស់សាសនិកឥស្លាមកម្ពុជានោះឡើយ។

សម្ដេចក្រឡាហោម បានសង្ឃឹមជឿជាក់ថា «សាសនិកឥស្លាមកម្ពុជានិយាយជារួម និងដោយឡែកក្នុងខេត្តបាត់ដំបងនេះនឹងបន្តរួមកម្លាំងសាមគ្គីគ្នាដើម្បីចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ឱ្យទទួលបានជោគជ័យ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ