ប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្ន! កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ តំបន់មួយចំនួន នៃប្រទេសកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក នៅថ្ងៃទី២៤ ឧសភានេះ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាទទួលរង ឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយលើភាគខាងជើង ប្រទេសថៃ និងប្រទេសឡាវ ជាមួយនិងខ្យល់មូសុងនិរតីកម្រិតមធ្យម ។
ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល បណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ និងលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។
ដោយឡែកតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី២៦-២៩ ខែឧសភា ៕EB