ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា បន្ទាប់ពីបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ រួចហើយ ក្រុមប្រឹក្សាឃុំ-សង្កាត់ មានតួនាទីជំរុញ និងគាំពារអភិបាលសម្រាប់បំពេញសេចក្តីត្រូវការក្នុងរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍រួម។

ក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូបង្រៀន គ្រូពេទ្យ និងសិល្បករ សិល្បការិនី នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១៦ ឧសភា សម្ដេច ស ខេង បានថ្លែងឲ្យដឹងថា កម្ពុជាឆ្លងកាត់ការលំបាក និងពុះពារឧបសគ្គច្រើនណាស់ ទំរាំតែទទួលបានសន្តិភាព ដូចសព្វថ្ងៃ។

សម្ដេច បន្ដថា ទាំងអស់គ្នាប្តេជ្ញារួមគ្នាត្រូវយកជ័យជំនះឲ្យបានពីរក្នុងពេលតែមួយ ជ័យជំនះទី១ ដែលយើងត្រូវការនោះ គឺជ័យជំនះសម្រាប់គណបក្សប្រជាជនឈ្នះឆ្នោត ជ័យជំនះទី២ គឺដោយសារគណបក្សយើង រដ្ឋាភិបាលយើងជាអ្នកគ្រប់គ្រង់ប្រទេស អញ្ចឹងហើយការចាត់តាំងការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហិង្សា នោះក៏ជាជោគជ័យមួយទៀត របស់គណបក្សប្រជាជនផង ហើយរបស់ប្រទេសជាតិផង កិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិវានិងលើកកម្ពស់ នៅពេលនោះឯង។ 

សម្ដេច បញ្ជាក់ថា រដ្ឋបាលគ្រប់ថ្នាក់ ក៏ដូចជាមន្ត្រីរាជការរបស់យើងគ្រប់ផ្នែកគ្រប់ថ្នាក់ គណៈបញ្ជាក់ឯកភាពគ្រប់ថ្នាក់ ពិសេសកម្លាំងប្រដាប់អាវុធ ប្រជាការពារ ខិតខំប្រឹងប្រែងដើម្បីការពារការិយាល័យបោះឆ្នោត ចាត់ចែងការបោះឆ្នោតអោយបានល្អប្រសើរ ។ ជាមួយគ្នានេះ សម្តេច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ត្រូវត្រៀមខ្លួន ដើម្បីចូលរួមគាំទ្រ និងទៅបោះឆ្នោត នៅថ្ងៃបោះឆ្នោត នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។

 

សម្ដេច បញ្ជាក់ថា «បន្ទាប់ពីការបោះឆ្នោតនៅឆ្នាំ២០២២នេះ ក្រុមប្រឹក្សាឃុំ-សង្កាត់ គឺមានតួនាទី ជំរុញនិងគាំពារអភិបាលសម្រាប់បំពេញសេចក្តីត្រូវការជាមូលដ្ឋានក្នុងឃុំ សង្កាត់ របស់ខ្លួនបម្រើផលប្រយោជន៍រួម របស់ប្រជាជន»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ