ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់សាជាថ្មីដល់ប្រជាពលរដ្ឋ សាធារណជន ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ថា បច្ចុប្បន្នកម្ពុជាមិនទាន់មានការបញ្ជូនពលករតាមរដូវកាល ទៅធ្វើការនៅក្រៅប្រទេសនៅឡើយទេ ។

ការជូនដំណឹងរបស់ក្រសួងនេះ ធ្វើឡើងបន្ទាប់ពីកន្លងមកក្រសួងបានទទួលពាក្យបណ្តឹងពីពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន។ គេបានលើកឡើងថា មានជនខិលខូចមួយចំនួនទាំងជនជាតិខ្មែរ និងជនបរទេសដែលជ្រកក្រោមស្លាកសាលាភាសា អង្គការ និងសមាគមផ្សេងៗ បានចុះផ្សព្វផ្សាយជ្រើសរើស និងប្រមូលថវិកាពីប្រជាពលរដ្ឋ ដោយធានាអះអាងថាអាចបញ្ជូនទៅធ្វើការតាមរដូវកាល នៅក្រៅប្រទេសដែលមានប្រាក់ចំណូលខ្ពស់។

ក្នុងករណីមានកិច្ចព្រមព្រៀងលើការបញ្ជូនពលករទៅធ្វើការតាមរដូវកាលនៅក្រៅប្រទេសជាមួយប្រទេសណាមួយនោះ ក្រសួងនឹងជូនដំណឹងដល់ប្រជាពលរដ្ឋជាសាធារណៈ។ តាមរយៈសេចក្ដីជូនដំណឹងដែលចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្រសួងការងារក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ សាធារណជន និងស្ថាប័នពាក់ព័ន្ធទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការចាញ់បោកជនឆ្លៀតឱកាស និងសូមចូលរួមផ្សព្វផ្សាយបន្ត៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ