ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង និងព្រៃវែង បានឲ្យដឹងថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ បានប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ គ្មានអំពើហិង្សា ក៏បង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ ឲ្យឃើញនូវភាពកាន់តែចាស់ទុំ ព្រមទាំងភាពម្ចាស់ការផងដែរ។

យោងតាមលិខិតសរសើរ និងថ្លែងអំណរគុណរបស់ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងបាត់ដំបង នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ សម្ដេច ស ខេង បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ នៃខេត្តព្រៃវែង និងបាត់ដំបង បានខិតខំយកអស់កម្លាំងកាយ និងស្មារតីចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរនៅគ្រប់ដំណាក់កាលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជាពិសេសការដណ្តើមបានជោគជ័យជាទីពេញចិត្តជូនគណបក្សប្រជាជនកម្ពុជា។

សម្ដេច ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់បំពេញ ភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្ស គ្រប់ថ្នាក់ នៃខេត្តព្រៃវែង និងបាត់ដំបង ព្រមទាំងសមាជិក សមាជិកា និងសកម្មជនទាំងអស់ ដែលបានចូលរួមយ៉ាងផុលផុសក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបគោលនយោបាយគណបក្ស ទៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេសបានយល់ដឹង និងជ្រួតជ្រាបរហូតទទួលបានការគាំទ្រក្នុងការបន្តបេសកកម្មដឹកនាំមូលដ្ឋានឃុំ សង្កាត់ សម្រាប់អាណត្តិទី៥ បន្តទៀត។

សម្ដេច បន្ដថា ជ័យជម្នះដ៏គួរឲ្យកោតសរសើរនេះ ពិតជាមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាងសំខាន់ពីថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសកម្មជនគណបក្ស ដែលបានលះបង់ពេលវេលា និងធនធានចូលរួមគាំទ្រដល់បុព្វហេតុរបស់គណបក្សប្រជាជនកម្ពុជា ដែលជា គណបក្សតែងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

សម្ដេច ស ខេង បញ្ជាក់ថា «ទន្ទឹមនេះ ដំណើរការប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មានអំពើហិង្សា នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក៏បានបង្ហាញទៅកាន់ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឱ្យឃើញនូវភាពកាន់តែចាស់ទុំ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការអនុវត្តគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។

សូមរំលឹកថា  ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ មានប្រជាពលរដ្ឋ ៧៧.៩១ភាគរយ ស្មើនឹងជាង៧.១លាននាក់ បានមកចូលរួមបោះឆ្នោត ខណៈអ្នកមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង ៩.២លាននាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ