សម្ដេច ស ខេង ៖ វិស័យកសិកម្មនៅកម្ពុជា ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន
កំពត ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា វិស័យកសិកម្មនៅកម្ពុជា កំពុងដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនផងដែរ។
ក្នុងពិធីសម្ពោធរោងចក្រផលិតចំណីអាហាររបស់ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ស្ថិតនៅឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «វិស័យកសិកម្មនៅកម្ពុជា បាននិងកំពុងដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ពិសេសចូលរួមចំណែក ២០ភាគរយនៃផលិតផលក្នុងស្រុកសរុប»។
សម្ដេចក្រឡាហោម បន្តថា វិស័យកសិកម្ម កាន់តែដើរតួនាទីសំខាន់នៅក្នុងបរិបទ នៃការប្រឈមុខនឹងវិបត្តិកូវីដ-១៩ និងការប្រែប្រួលជាអវិជ្ជមានមួយចំនួនរបស់សាកលោក។
សម្ដេចក្រឡាហោម បន្ថែមថា វិស័យកសិកម្ម ក៏ជាចលករជំរុញបដិវត្តន៍ឧស្សាហកម្មពិសេសកសិឧស្សាហកម្មសម្រាប់ ទាំងពេលបច្ចុប្បន្ន និងអនាគត ដែលនាំមកនូវពហុប្រយោជន៍ និងគុណតម្លៃជាច្រើន ដូចជាការបន្ថែមតម្លៃ ការបង្កើនគុណភាព និងរយៈពេលនៃការរក្សាទុកផលិតផល ការពង្រីកទីផ្សារកសិផល ការអភិវឌ្ឍសហគ្រាសធនតូចនិងមធ្យម ការបង្កើតការងារក្នុងស្រុក កាត់បន្ថយចំណាកស្រុក និងបង្កើនឱកាសសម្រាប់ការនាំចេញផលិតផល។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តក្រុមហ៊ុនបន្តខិតខំកសាងរោងចក្រផលិតចំណីអាហារបែបនេះបន្ថែមទៀត នៅតាមបណ្ដាខេត្តដែលមានសក្ដានុពលនៅកម្ពុជា។ សម្ដេច ក៏បានស្នើឲ្យក្រុមហ៊ុនជួយផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលបច្ចេកទេសដល់មន្រ្តីកសិកម្ម និស្សិត សហគមន៍ និងប្រជាកសិករអំពីបច្ចេកទេសថ្មីៗ៕EB