ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាពេលឆាប់ៗខាងមុខនេះ ក៏ជាកិច្ចខិតខំប្រឹងប្រែងមួយ ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដើម្បីផ្ដល់អំណាចទៅដល់ថ្នាក់ក្រោមជាតិ។

នាឱកាសអនុញ្ញាតលោក ព្យែរ បៃយ៉េ ( Mr.PIERRE BAILLET ) លេខាធិការ អចិន្ត្រៃយ៍នៃសមាគមទីក្រុងប្រើប្រាស់ ភាសាបារាំង (AIMF) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សម្ដេច ស ខេង បានលើកទឹកចិត្តដល់សមាគម និងរដ្ឋបាលរាជធានីភ្នំពេញបន្តនូវកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នាបន្ថែមទៀត។

សម្ដេច បានបញ្ជាក់ថា «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាពេលឆាប់ខាងមុខនេះ ក៏ជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដើម្បីផ្ដល់អំណាច សិទ្ធិសម្រេច ធនធានថវិកា និងធនធានមនុស្សទៅដល់ថ្នាក់ក្រោមជាតិក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អលើសេវាសាធារណៈ ការងារសុខាភិបាល និងការងារសន្តិសុខនៅមូលដ្ឋានជូនពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព»។

នាឱកាសនោះ លោក ព្យែរ បៃយ៉េ ពិតជាមានសេចក្ដីរីករាយចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងសមាគមទីក្រុងនិយាយភាសាបារាំងជាមួយសាលារាជធានីភ្នំពេញ។

លោក បានគូសបញ្ជាក់ថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនេះមិនផ្ដោតសំខាន់ទៅលើការនិយាយភាសាបារាំងនៅទីក្រុងដែលជាសមាជិករបស់សមាគមប៉ុណ្ណោះទេ  ប៉ុន្តែទំនាក់ទំនង និងកិច្ចសហប្របត្តិការនេះ ក៏ផ្ដោតទៅលើគោលបំណង នៃការអភិវឌ្ឍគាំទ្រដល់ការកសាងស្ដារនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការបង្កើតនូវថ្នាលបច្ចេកវិទ្យាផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ