KOICA ផ្តល់ថវិកា ១០លានដុល្លារ ដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីអនុវត្តន៍គម្រោងនៃ ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ
ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានប្រកាស់ផ្តល់ថវិកា ១០ លានដុល្លារ ដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីអភិវឌ្ឍន៍សហគមន៍នៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជា ឱ្យក្លាយជាសហគមន៍មួយប្រកបដោយសន្តិភាព និងវិបុលភាព។
ការផ្ដល់ថវិកានេះ ធ្វើឡើង ក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាជាមួយក្រសួងអភិវឌ្ឍន៍ជនបទលើគម្រោង “ការកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” ដែលចុះហត្ថលេខាដោយ លោក Rho Hyunjun ប្រធានតំណាងទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា និង លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។
លោក Rho Hyunjun ប្រធានតំណាងទីភ្នាក់ងារ KOICA ប្រចាំកម្ពុជាបានគូសបញ្ជាក់ថាវិស័យអភិវឌ្ឍន៍ជនបទគឺជាសសរស្តម្ភមួយនៅក្នុងយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស របស់ទីភ្នាក់ងារ KOICA ហើយ KOICA ប្តេជ្ញាគាំទ្រលើវិស័យនេះ។
លោកបានលើកឡើងថា “ទីភ្នាក់ងារ KOICA មានសេចក្តីសោមនស្សរីករាយក្នុងការអនុវត្តគម្រោងដ៏មានអត្ថន័យនេះក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា”។
លោកប្រធានតំណាង KOICA បានបន្ថែមថា ក្រៅពីគម្រោងនេះ ទីភ្នាក់ងារ KOICA ក៏បានផ្តល់ថវិកាចំនួន ១០ លានដុល្លារ កាលពីឆ្នាំ ២០២១ ដល់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) សម្រាប់ការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជា។
សូមជម្រាបជូនថា គម្រោងនេះនឹងត្រូវអនុវត្តន៍ក្នុងខេត្តចំនួន៣ រួមមាន ខេត្ដបាត់ដំបង ប៉ៃលិន និងខេត្ដបន្ទាយមានជ័យ ដែលជាតំបន់ធ្លាប់មានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកក្រោយសង្គ្រាម។ គម្រោងនេះ ក៏មានគោលបំណងដើម្បីអភិវឌ្ឍន៍តំបន់ភាគពាយ័ព្យប្រកបដោយនិរន្តរភាព និងសន្តិភាព តាមរយៈកម្មវិធីអភិវឌ្ឍន៍សហគមន៍ជនបទប្រកបដោយបរិយាប័ន្ន៕