ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ចូលរួមបង្ការ ទប់ស្កាត់ និងដោះស្រាយរាល់បាតុភាពអសកម្មនានា ដោយឈរលើគោលការណ៍ អព្យាក្រឹត ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

យោងតាមលិខិតសរសើរ និងថ្លែងអំណរគុណរបស់ គ.ស.អ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ សម្ដេច ស ខេង បានវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានខិតខំយកអស់កម្លាំងកាយ និងស្មារតី ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរនៅគ្រប់ដំណាក់កាល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

សម្ដេច បញ្ជាក់ថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់បំពេញ ភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ពីសំណាក់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងដោះស្រាយរាល់បាតុភាពអសកម្មនានា ដោយឈរលើគោលការណ៍ អព្យាក្រឹត ក្នុងវិជ្ជាជីវៈ ដែលបានបង្កលក្ខខណ្ឌអំណោយផល និងបរិយាកាសសន្តិសុខល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ និងបណ្តាគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត អាចអនុវត្តសិទ្ធិសេរីភាព ស្របតាម ឆន្ទៈរបស់ខ្លួន»។

សម្ដេច បន្ដថា ទន្ទឹមនេះ ដំណើរការប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មាន អំពើហិង្សា នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក៏បានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឲ្យឃើញនូវភាពកាន់តែចាស់ទុំ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ