ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ទៅកាន់លោក ដូមីនិច វីល្លៀម(Dominic Williams) ឯកអគ្គរាជទូតអង់គ្លេស ប្រចាំកម្ពុជា ថា ទោះបីកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-អង់គ្លេស គឺមិនប្រែប្រួល។

ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ ឯកអគ្គរាជទូតអង់គ្លេស នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្នុងឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកដូមីនិច វីល្លៀម ឯកអគ្គរាជទូតអង់គ្លេស ប្រចាំកម្ពុជា។

ក្នុងនោះដែរ ភាគីទាំងពីរ ក៏បានស្នើឱ្យមានការពិនិត្យលទ្ធភាព នៃកិច្ចសហប្រតិបត្តិការ លើវិស័យចំនួនពីរ នៅក្នុងយុទ្ធសាស្ត្របញ្ចាកោណ ពោលគឺ វិស័យសេដ្ឋកិច្ចបៃតង និងវិស័យថាមពលកកើតទ្បើងវិញ ហើយក៏បានបង្ហាញ នូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស នឹងកាន់តែរីកចម្រើនទ្បើងថែមទៀត នៅគ្រប់ផ្នែក និង គ្រប់វិស័យ រួមទាំងផ្នែកនយោបាយផងដែរ ។

ជានេះទៅទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ នូវជំហរគាំទ្ររបស់កម្ពុជា លើវិស័យសេដ្ឋកិច្ចបៃតង និងថាមពលកកើតទ្បើងវិញ ព្រមទាំងបានសម្តែង នូវក្តីរីករាយសាទរ ចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទសទាំងពីរ លើវិស័យទាំងនេះ នាពេលខាងមុខ ។ 

មួយវិញទៀត សម្តេចធិបតី ក៏បានបង្ហាញក្តីរំពឹងថា កិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស នឹងបន្តរុងរឿងទ្បើងថែមទៀត លើគ្រប់វិស័យ ជាពិសេសលើវិស័យពាណិជ្ជកម្ម ដែលនឹងអនុញ្ញាតឱ្យកម្ពុជា អាចពង្រីកទីផ្សារថ្មីៗបន្ថែមទៀត លើមុខទំនិញនាំចេញទៅកាន់ចក្រភពអង់គ្លេស ។ ចំពោះវិស័យការពារជាតិវិញ សម្តេចធិបតី ក៏រំពឹងផងដែរថា នឹងមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ទាំងលើការងារហ្វឹកហ្វឺន, ការធ្វើលំហាត់រួម និងការចូលចតនាវា ជាដើម ។ 

ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ទោះបីកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-អង់គ្លេស គឺមិនប្រែប្រួលឡើយ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ