ខេត្តព្រៃវែង ៖  សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានមោទកភាពចំពោះកម្ពុជាបច្ចុប្បន្នដែលត្រូវបានអន្តរជាតិទទួលស្គាល់ និងផ្តល់តម្លៃ។ ការផ្ដល់តម្លៃសម្រាប់កម្ពុជានាបច្ចុប្បន្ននេះ គឺសំដៅលើការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជាក្នុងការកសាងសេដ្ឋកិច្ច ការគ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីដ-១៩ ការអប់រំ និងការកសាងធនធានមនុស្សនៅកម្ពុជា។

សម្តេច ស ខេង បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផ្សារកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ កម្ពុជាពីមុនត្រូវបានគេចាត់ទុកថាជាប្រទេសដែលអន់ខ្សោយផ្នែកវិស័យសុខាភិបាល..។ សម្តេចឧបនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា៖«ពីមុនគេថា ប្រព័ន្ធសុខាភិបាលយើងខ្សោយ អ្នកដែលថាយើងខ្សោយ ដល់ពេលកូវីដ-១៩ គឺគាត់រាតត្បាតខ្លាំងជាងយើង គឺគាត់ខ្សោយវិញ។ មានអ្នកស្លាប់ច្រើនជាងយើង និងអ្នកឆ្លងច្រើនជាងយើង»។

ទន្ទឹមនឹងនោះ សម្តេចក្រឡាហោម ក៏បានកត់សម្គាល់ថា វត្តមានរបស់នាយករដ្ឋមន្ត្រីកម្ពុជានៅក្រៅប្រទេសនាកន្លងទៅ និងនាពេលបច្ចុប្បន្ននេះ ត្រូវបានគេផ្តល់តម្លៃជាងមុន។ សម្តេចក្រឡាហោមរៀបរាប់ដូច្នេះថា៖«យើងធ្វើតាំងពីយើងឯកោមក គ្មានអ្នកណាគេរាប់រក ឱ្យតែឭថាខ្មែរយើង មិនគ្រាន់តែនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រីនោះទេ គឺគ្រាន់តែឭថាខ្មែរហ្នឹង គឺគេចាប់ផ្តើមងាកមុខចេញ គេមិនសប្បាយចិត្ត ឥឡូវគេចាប់ផ្តើមឭថាខ្មែរ គេចាប់ផ្តើមរាប់រក។ ឱ្យតែប្រជាជនយើងគាំទ្រ និងសម្បូរសប្បាយទៅ គឺយើងមានមុខមាត់ប្រទេសជាតិយើង»។  

បន្ថែមលើនេះ សម្តេច ស ខេង បានលើកឡើងថា វិស័យអប់រំ និងវិស័យសុខាភិបាលនៅកម្ពុជាបច្ចុប្បន្ន ត្រូវបានអន្តរជាតិវាយតម្លៃ និងកោតសសើរ។ «ឥឡូវកូនខ្មែរយើង ទៅរៀននៅបរទេស គឺអត់ចាញ់គេទេ រៀនពូកែច្រើនណាស់ ប្រវត្តិអប់រំរបស់យើងពីមុនមក គឺយើងរៀននៅក្រោមដើមឈើ ឬក្រោមកុដិលោក...ឱ្យតែមានកន្លែងម្លប់គឺចេះតែរៀនហើយ ពីព្រោះសាលារៀនយើងពីមុនគេកម្ទេចចោលអស់ហើយ។ ដល់ឥឡូវយើងតាមគេទាន់ ចេះអង់គ្លេស ចេះចិន ចេះបារាំង »។ នេះជាការថ្លែងរបស់សម្តេចក្រឡាហោម ស ខេង។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កម្ពុជាបច្ចុប្បន្ននេះក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដោះស្រាយវិបត្តិនានាដែលបាន និងកំពុងតែកើតឡើងនៅលើពិភពលោក និងក្នុងតំបន់ផងដែរ។ កម្ពុជាបានរួមចំណែកដោះស្រាយបញ្ហា ដោយសារតែកម្ពុជាធ្លាប់បានឆ្លងកាត់បទពិសោធ និងមានឆន្ទៈនយោបាយខ្ពស់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ