សម្ដេចក្រឡាហោម ស ខេង ៖ ក្នុងឋានៈជាអ្នកដឹកនាំ ត្រូវបើកបេះដូង មិនច្រណែនឈ្នានីស ឃើញគេរីកចម្រើន ត្រូវអបអរសាទរ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី បានថ្លែងថា ក្នុងឋានៈជាអ្នកដឹកនាំ ត្រូវបើកបេះដូង ដោយមិនចង្អៀតចង្អល់ មិនបែងចែកវណ្ណៈ មិនច្រណែនឈ្នានីស បើឃើញគេរីកចម្រើន ត្រូវអបអរសាទរ និងលើកទឹកចិត្តឱ្យគេធ្វើល្អបន្ថែមទៀត។
សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ១ខ្នង នៅអនុវិទ្យាល័យខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។
សម្ដេចក្រឡាហោម បញ្ជាក់ថា ការទទួលបានសញ្ញាប័ត្រ ការចេះដឹង រៀនសូត្រចំណេះដឹងទូទៅ គឺជាការចាំបាច់បំផុត ប៉ុន្ដែកត្តាដែលកំណត់នោះ គឺឆន្ទៈ និងឧត្តមគតិ ស្នេហារជាតិ។
សម្ដេចក្រឡាហោម មានប្រសាសន៍បញ្ជាក់ថា «យើងអត់ចង្អៀតចង្អល់ ក្នុងឋានៈជាអ្នកដឹកនាំ ត្រូវបើកទ្រូងឱ្យចំហរ បានសេចក្ដីថា បើកបេះដូងចំហរ ដោយមិនចង្អៀតចង្អល់ មិនបែងចែក ហើយមិនច្រណែនឈ្នានីស បើឃើញគេរីកចម្រើន ឃើញគេធ្វើល្អ ត្រូវអបអរសាទរ សប្បាយចិត្ត និងលើកទឹកចិត្ត ឱ្យកាន់តែធ្វើល្អទៅមុខទៀត»។
លើសពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា មន្ដ្រីក្រោមឱវាទរបស់ក្រសួងមហាផ្ទៃទាំងអស់ តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនបណ្ដែតបណ្ដោយ មិនកាន់ជើងអ្នកប្រព្រឹត្តិបទល្មើស ដែលធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋឡើយ។
សម្ដេចក្រឡាហោម មានប្រសាសន៍បញ្ជាក់ទៀតថា «យើងខ្ញុំ ជាអ្នកទទួលខុសត្រូវ កាលណាមានមន្ដ្រីណាធ្វើផ្តេសផ្ដាសទៅលើប្រជាពលរដ្ឋ ប៉ះពាល់សិទ្ធ នឹងផលប្រយោជន៍ឱ្យតែខ្ញុំបានដឹង រឿងនឹងពិតប្រាកដ ខ្ញុំទទួលខុសត្រូវ ដើម្បីដោះស្រាយ ធ្វើគណនេយ្យភាពរកយុត្តិធម៌ជូនប្រជាពលរដ្ឋពិតប្រាកដ»៕EB