ភ្នំពេញ  ៖  សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានថ្លែងថា  រហូតមកដល់ពេលនេះមិនមានកម្លាំងឧទ្ទាមក្រៅច្បាប់  ប្រឆាំងនឹងរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតនោះឡើយ។

ក្នុងពិធីជួបសំណេះសំណាល និងដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកកំរៀង ខេត្តបាត់ដំបង  នាថ្ងៃទី២២  ខែឧសភា  ឆ្នាំ២០២២  សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា  គុណតម្លៃនៃសន្តិភាពគឺមិនអាចមានអ្វីប្រៀបផ្ទឹមបាននោះទេ ដ្បិតកត្តានេះជាឱកាសមាស ឱកាសប្រាក់នៃការធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីបុព្វហេតុនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សម្ដេចក្រឡាហោម  បញ្ជាក់ថា  "បច្ចុប្បន្ន ទន្ទឹមនឹងការរក្សាបានសុខសន្តិភាព កម្ពុជាក៏អាចរក្សាបាននូវសាមគ្គីភាពជាតិ ឯកភាពទឹកដី ដែលមកដល់ពេលនេះមិនមានកម្លាំងឧទ្ទាមក្រៅច្បាប់ប្រឆាំងនឹងរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតនោះឡើយ"

សម្ដេចក្រឡាហោម  បានបន្តថា  ជាការពិត ពីអតីតកាល កម្ពុជាមានការបែកបាក់គ្នា ហើយការបែកបាក់គ្នានាអតីតកាលនោះគឺដោយសារមជ្ឈដ្ឋានខាងក្រៅផង រួមផ្សុំនឹងកំហុសរបស់មេដឹកនាំខ្មែរពីអតីតកាល ផងដែលបានធ្វើឱ្យមានការបែកបាក់ជាតិ បង្កើតសង្គ្រាមផ្ទៃក្នុង។ យ៉ាងណាក៏ដោយ បញ្ហានេះត្រូវបានបញ្ចប់ជាស្ថាពរ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាដែលកើតចេញពីការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋតាមយន្តការប្រជាធិបតេយ្យសេរីពហបក្ស។

ពាក់ព័ន្ធនឹងការបោះឆ្នោតនេះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ ថា  ការបោះឆ្នោតនេះគឺជាការបោះឆ្នោតមូលដ្ឋានមួយដែលពិតជាមានចំណែកយ៉ាងសំខាន់ដើម្បីពង្រឹងស្ថិរភាពមូលដ្ឋាន ពង្រឹង ពង្រីកប្រជាធិបតេយ្យនៅមូលដ្ឋាន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ពលរដ្ឋនៅមូលដ្ឋាន តាមរយៈការដាក់ចេញការគ្រប់គ្រងដែលមានការផ្លាស់ប្ដូរយ៉ាងស៊ីជម្រៅខុសពីរបបមុនៗដែលអំណាចត្រូវប្រមូលផ្ដុំនៅថ្នាក់ជាតិ តែពេលនេះសិទ្ធិអំណាច ទទួលនាទី ការទទួលខុសត្រូវ និងធនធានត្រូវបានផ្ទេរមកថ្នាក់ក្រោមជាតិ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ