ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហផ្ទៃ បានបញ្ជាក់ថា មន្ត្រីរាជការស៊ីវិល មិនត្រូវយកម៉ោងបម្រើការងាររបស់ខ្លួន ទៅបម្រើឲ្យសកម្មភាពគណបក្សនយោបាយណាមួយឡើយ។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ សម្ដេច ស ខេង បានណែនាំដល់មន្ត្រីរាជការស៊ីវិល ដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេសយ៉ាងតិច ៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផល នៃការបោះឆ្នោតជាផ្លូវការ ស្របតាមច្បាប់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥។

សម្ដេច បានថ្លែងថា «មន្ត្រីរាជការស៊ីវិលត្រូវមានអព្យាក្រឹតភាពក្នុងសកម្មភាពបំពេញការងាររបស់ខ្លួន ស្របតាមមាត្រា ៣៧ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។ មន្ត្រីរាជការស៊ីវិល មិនត្រូវយកម៉ោងបម្រើការងារទៅបម្រើឲ្យសកម្មភាពគណបក្សនយោបាយណាមួយឡើយ»។

សម្ដេច បន្ដថា ក្នុងរយៈពេល នៃយុទ្ធនាការឃោសនាបោះឆ្នោត មន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវមាត្រា ៨២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥។

លើសពីនេះទៀត សម្ដេច ស ខេង បានបញ្ជាក់ទៀតថា មន្ត្រីរាជការស៊ីវិលមិនត្រូវប្រើប្រាស់ថវិកា សម្ភារ ទីកន្លែង មធ្យោបាយដឹកជញ្ជូនដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ដើម្បីធ្វើសកម្មភាពឃោសនាបោះឆ្នោតឲ្យគណបក្សនយោបាយណាមួយឡើយ។ 

សូមបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។ ទន្ទឹមនោះការទទួលពាក្យសុំចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នឹងចាប់ផ្តើមពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ ២០២២៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ