ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំសមាជិក ឃុំ-សង្កាត់ ដែលបានឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ មិនត្រូវប្រើប្រាស់មធ្យោបាយ សម្ភារ និងថវិការបស់រដ្ឋបាល ឃុំ-សង្កាត់ ទៅបម្រើសកម្មភាពគណបក្សនយោបាយ ឬឃោសនាបោះឆ្នោតឡើយ។

យោងតាមសេចក្ដីណែនាំរួមរបស់ ក្រសួងមហាផ្ទៃ និង គ.ជ.ប ចេញផ្សាយនាពេលថ្មីៗនេះ ថា ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានបានចែងក្នុងច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ព្រមទាំងធានានិរន្តរភាពការងាររបស់រដ្ឋបាល ឃុំ-សង្កាត់ ប្រកបដោយប្រក្រតីភាព ក្នុងរយៈពេលដំណើរការបោះឆ្នោត ក្រសួងមហាផ្ទៃ គ.ជ.ប បានណែនាំ មេឃុំ-ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ចាប់ពីពេលបើកយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោត ត្រូវខិតខំពង្រឹងសាមគ្គីភាព និងសហប្រតិបត្តិការគ្នា ដើម្បីបំពេញការងារឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងត្រូវប្រកាន់ជំហរអព្យាក្រឹត មិនលម្អៀង។

ក្រសួងមហាផ្ទៃ និង គ.ជ.ប បានបញ្ជាក់ថា «មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មានសិទ្ធិធ្វើសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោត ដោយស្មើភាពគ្នាដូចបេក្ខជនដទៃទៀត តែមិនត្រូវប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឥទ្ធិពលនៃរដ្ឋបាលឃុំ សង្កាត់ និងមិនត្រូវប្រើប្រាស់មធ្យោបាយ សម្ភារ និងថវិការបស់រដ្ឋបាល ឃុំ សង្កាត់ ទៅបម្រើសកម្មភាពរបស់គណបក្សនយោបាយ ឬបម្រើសកម្មភាពនៃយុទ្ធនាការ ឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយណាមួយឡើយ»។

ក្រសួងមហាផ្ទៃ និង គ.ជ.ប បានបន្ដថា ដើម្បីធានានិរន្តរភាពការងាររបស់រដ្ឋបាលឃុំ សង្កាត់ ក្នុងអំឡុងពេល នៃយុទ្ធនាការឃោសនាបោះឆ្នោត មេឃុំ ចៅសង្កាត់ជំទប់ និងចៅសង្កាត់រង ត្រូវពិភាក្សាគ្នារៀបចំកម្មវិធីបែងចែកវេន ប្រចាំការតាមថ្ងៃនីមួយៗនៅសាលាឃុំ សង្កាត់ ដោយស្មើភាពរវាងមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។ វេនប្រចាំការនេះត្រូវមានសមាសភាពក្រុមប្រឹក្សា ឃុំ សង្កាត់យ៉ាងតិច ចំនួន ១រូប សម្រាប់ប្រចាំការតាមថ្ងៃនីមួយៗ។ 

ជាងនេះទៅទៀត ក្រសួងមហាផ្ទៃ និង គ.ជ.ប ក៏បានណែនាំដល់ ស្មៀនឃុំ សង្កាត់ ត្រូវប្រកាន់អាកប្បកិរិយាការងារ និងត្រូវយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងប្រកាសស្តីពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ស្មៀនឃុំ សង្កាត់ ព្រមទាំងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតដូចមន្ត្រីរាជការស៊ីវិលដទៃទៀតដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ