ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចលើកលែង ការតម្រូវឲ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់ថា គ្មានវិរុសកូវីដ-១៩ ចំពោះការនាំសាច់បង្កកចូលមកប្រទេសកម្ពុជា។

យោងតាមលិខិតរបស់ អគ្គនាយកដ្ឋានគយ នាពេលថ្មីៗនេះ បានឲ្យដឹងថា ដោយសង្កេតឃើញស្ថានភាព នៃការឆ្លងរាលដាល់ជំងឺកូវីដ-១៩ ជាពិសេសវីរុសប្រភេទ Delta នៅតាមបណ្តាប្រទេសប្រភពនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងទៀតចូលមកកម្ពុជាមានភាពធូរស្រាល ស្របពេលដែលស្ថានភាពការរីករាលដាល់នៃវីរុសប្រភេទ បំប្លែងថ្មី Omicron ស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន ហើយលទ្ធផលនៃការធ្វើតេស្តលើសាច់បង្កកនាពេលកន្លងមក ពុំឃើញមានវត្តមានវីរុសកូវីដ-១៩។

អគ្គនាយកដ្ឋានគយ បានបញ្ជាក់ថា «សម្រេចលើកលែង ការតម្រូវឲ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ចនាំចេញ»។

ដោយឡែក ចំពោះមុខទំនិញត្រជាក់ និងទំនិញបង្កកនាំចូលពីប្រទេសជិតខាង មន្រ្តីគយ និងរដ្ឋាករមានសមត្ថកិច្ចត្រូវបន្តអនុវត្តវិធានការអនាម័យ និងវិធានការសុខាភិបាលឲ្យបានហ្មត់ចត់ ដោយបាញ់ថ្នាំសម្លាប់មេរោគ លើសំបកវេចខ្ចប់ និងមធ្យោបាយដឹកជញ្ជូនទំនិញ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ